លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រគល់ជូនលុយសុទ្ធ ១លានដុល្លារ ជូន ឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងជាមួយសម្ដេចតេជោ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បាននាំយកទឹកប្រាក់ចំនួន ១លានដុល្លារយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចរាល់ហើយ។ ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ា បានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។

នេះជាការវិការសប្បុរសដ៏ធំធេងដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះតែងតែជួយដល់សង្គមជានិច្ច។ សូមរំលឹកផងដែរថាកាលពីពេលថ្មីៗនេះលោក ឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។ ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ បានគេមើលឃើញថាបានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកឃើញមាន លោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។

ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង ត្រូវបានគេមើលឃើញថាមានទំហំធំធេង មហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ ផ្អែកតាមផេក សម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ ថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លាមានប្រមាណជាង ៣៦លានដុល្លារ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕




