លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុដែលបុរសកំពុងធ្វេីចត្តាឡីស័កធ្លាក់ពីលើសណ្ឋាគារជាន់ទី៥
ពលករខ្មែរម្នាក់ ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០ ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវអោយធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ លោតពីជាន់ទី៥ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និងរងរបួសគួរសម កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មកដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ។ សូមអរគុណ៕

