ក្តៅៗ! បុព្វេសន្និវាសថ្មីមួយទៀត ពីវត្តមានតារាសម្តែងថៃស្រីស្អាត Namtarn តួឯកស្រី ក្នុងរឿងភាគថ្មីរបស់ភីអិនអិន
សម្រាប់ចំណងដៃចុងឆ្នាំ ២០២០ នេះដែរ ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានព្យាយាមពាំនាំយកនូវប្រភេទរឿងភាគថៃល្អៗមើល ដើម្បីបម្រើជូនទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានទស្សនាជាបន្តបន្ទាប់។ ក្នុងនោះដែរ បន្ទាប់ពីខ្សែភាពយន្ត រឿងកំហុសស្នេហ៍ បានបញ្ចប់ទៅ ខ្សែភាពយន្តភាគថ្មីក៏នឹងចូលខ្លួនបន្តទៀត ដែលលើកនេះ នាំមកនូវវត្តមានតារាសម្តែងថៃល្បីៗជាច្រើនដួង។ «លិខិតដួងចន្ទ» គឺជាសាច់រឿងបែបបុព្វេសន្និវាសថ្មីមួយទៀត ដែលនិយាយពីឈុតឆាកអតីតជាតិ និងបច្ចុប្បន្នជាតិកើតឡើងព្រមជាមួយគ្នាក្នុងពេលតែមួយ។ តារាសម្តែងថៃ ស្រីស្អាត Namtarn គ្រងតំណែងជាតួឯកស្រីពីរជាតិ មានចរិតលក្ខណៈខុសគ្នា ពីអតីតជាតិ និងបច្ចុប្បន្នជាតិ អមដោយការតុបតែងសម្លៀកបំពាក់បែបបុរាណ និងសម័យលាយបញ្ជូលគ្នា។ ចំណងស្នេហា តាំងពីអតីតជាតិ ក៏បានជំរុញឲ្យនាងបានជួបនឹងតួអង្គ កំលោះរូបស្រស់ អ្នកមានទ្រព្យ ដែលសម្តែងដោយតារាប្រុស លោក Puen Khanin។

អូនប៉ា គឺជាក្មេងស្រីដែលមានចរិតខ្ជិលច្រអូល និងមិនសូវចេះនិយាយស្តីច្រើនទេ ។ នៅយប់មួយ ព្រះចន្ទពេញបូរមី វាហាក់ដូចជាមានអ្វីមកអូសទាញនាងឲ្យវិលទៅរកអតីកាលកាលពីរាប់រយឆ្នាំមុនរបស់នាង តាមរយៈដួងព្រះចន្ទដែលកំពុងតែរះបំភ្លឺពេលរាត្រី។ អ្វីៗ ហាក់ដូចជារឿងមួយដែលមិនគួរឲ្យជឿ អូនប៉ា បានវិលទៅរកភាពជាអតីតជាតិ ក្នុងនាមជាកូនស្រីរបស់មន្ត្រីថ្នាក់ខ្ពស់នៅសម័យកាលមួយ ឈ្មោះនាង ដួងខែ ដែលពោរពេញដោយរូបសម្បត្តិលោមពណ៌ស្រស់ស្អាត។ មានរឿងរ៉ាវជាច្រើនបានកើតឡើង និងធ្វើឲ្យអូនប៉ា បានឃើញពីអតីតជាតិ និងមានចំណងស្នេហាជាមួយអ្នកកំលោះរូបសង្ហាម្នាក់។ បច្ចុប្បន្នជាតិ និងអតីតជាតិ គឺពិតជាខុសគ្នាដូចមេឃ និងដី ដែលធ្វើឲ្យការចងចាំរបស់ អូនប៉ាត្រឡប់មកវិញ ប៉ុន្តែទោះជាយ៉ាងណា រឿងរ៉ាវរបស់នាងពីអតីតជាតិ នៅតែតាមលងបន្លាចនាងរហូតដល់ពេលបច្ចុប្បន្នដដែល។ បន្ទាប់ពីរូបភាពពីអតីតកាលរាប់រយឆ្នាំរបស់អូនប៉ា បានត្រឡប់មកម្តងទៀតនោះ មិនយូរប៉ុន្មាន ព្រះចន្ទក៏បាននាំខ្លួនអូនប៉ាត្រឡប់មកបច្ចប្បន្នវិញ ជាមួយនឹងអារម្មណ៍រីករាយ និងសោកសៅទៅលើរឿងកាលពីអតីតជាតិនោះដែរ។

រឿង «លិខិតដួងចន្ទ» ក៏មានការចូលរួមសម្តែងពី Krating Khunnarong, Mint Nutwara Vongvasana,Phet Thakrit, Tui Kiatkamol Lata,Mai Natha Lloyd, និងតារាសម្តែងថៃដ៏ស្រស់ស្អាត ជាច្រើនដួងទៀត។ ដើម្បីចង់ដឹងថា តើសាច់រឿងមួយនេះ នឹងល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង លិខិតដួងចន្ទ ដែលនឹងចាប់ផ្តើមចាក់ផ្សាយពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
