ពិតជាមិនគួរឲ្យជឿ! តន់ ច័ន្ទសីម៉ា ផ្លាស់ប្ដូរ ១៨០ដឺក្រេ ពីក្មេងស្រីស្មូតតាមវត្ត ក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយលោក ព្រាប សុវត្ថិ
- BY
- Liny Chan
- January 21, 2021
បន្ទាប់បានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញក្រោយបានចុះកុងត្រាផលិតកម្ម Galaxy Navatra ជីវិតថ្មីរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេ យ៉ាងលឿនបំផុត។ មានអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិតឡើយថាអាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈតាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវដែលមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម ៤នាក់ សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោល គឺតាំងពីនាងទើបមានអាយុ ៥ឆ្នាំម្ល៉េះ។ នាងថា “ខ្ញុំចេះច្រៀងតាំពីអាយុ ៥ឆ្នាំ ម៉េសបងនិយាយទៅស្រឡាញ់ខ្លាំងហ្មង អារឿងច្រៀងរាំអីហ្នឹង!”។

កាលនៅសិក្សានៅឯស្រុកកំណើត នាងធ្លាប់ជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ាក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមក បន្តការសិក្សានៅភ្នំពេញ នាដើមឆ្នាំ ២០១៧ ក្នុងពេលនោះនាងទើបមានអាយុ ១៧ឆ្នាំ។

តារាចម្រៀងតូចច្រឡឹងប្រាប់ថានៅលើដីក្រុង គឺមានតែនាងម្នាក់ឯងគ្មានគ្រួសារ សាច់ញាតិ អ្វីដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយរឿងត្រូវធ្វើគឺ ត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាងក៏មិនជាធូរធារដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ ថា សំអាងលើទេពកោសល្យ សិល្បៈ ចម្រៀង របស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អនៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះជីវិតតស៊ូជាអ្នក រៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។

ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារ ក្នុង ១ខែ។ ចំនួននេះតារាស្រី លើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀត ព្រោះនាងមិនដែលសង្ឃឹមថា សមត្ថភាពច្រៀង របស់នាងដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសម សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែម ទៀត។ ក្រោយពីច្រៀងនៅក្នុងហាងបានមួយរយៈធំ នាក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធី ប្រឡង ចម្រៀងលំដាប់ពិភពលោក រៀបចំដោយទូរទស្សន៍មួយក្នុងស្រុកនៅឆ្នាំ ២០១៨។

ចុងក្រោយបំផុត នាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូលធ្វើជាតារាចម្រៀង កុងត្រា កាលពីដើមឆ្នាំ ២០១៩។ នៅក្នុងផលិតកម្មនេះតារាចម្រៀង វ័យ ២២ឆ្នាំ មានបទជាច្រើនបានចេញលើទីផ្សារសុទ្ធជាបទពេញនិយម ដូចជាបទ “មិនស្មោះស្រឡាញ់ រកងាប់អី” “យល់ច្រឡំគេស្រឡាញ់យើង” “គេនោះជាស្រីកាប់ដាវ” បទ ”ដណ្ដឹងអូនទៅ” បទ ” ចង់សុំ Wifi “ និងបទ “ឡាន ស៊ីរ៉ែន” ជាដើម។

និយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ 5០០M ។ នេះបើតាមបង្ហាញឲ្យដឹងពីផលិតកម្ម Galaxy Navatra។ ផ្អែកតាមរបាយការណ៍ពីនោះអាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅ ឆ្នាំ២០២០ កន្លងទៅនេះ។

នៅថ្ងៃនេះផលិតកម្ម Galaxy Navatra បានឲ្យនាងច្រៀងចាប់ដៃគូជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ។ ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ ទាំងនេះដោយសារតែសមត្ថភាពរបស់នាងជាហេតុផល នាំឲ្យនាងអាចមានឱកាសច្រៀងជាដៃគូលោក ព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នកទាំងពីរមានចំណងជើងថា “កាត់ ឆុង” ទើបនឹងចេញនៅព្រឹកនេះតែម្ដង។

ចង់ដឹងថាបទ “កាត់ ឆុង” មានអត្ថន័យ និង ទឹកដមយ៉ាងណាតោះ…ទស្សនា និងស្ដាប់បទទាំងអស់គ្នា៖


- Share This Post:






