PR

BENTLEY ផ្តល់វិធានការគាំទ្រសុខុមាលភាព និងសុវត្ថិភាពដល់សហការី ប្រឆាំងនឹងជម្ងឺ កូវីដ១៩ – បង្កើនកម្មវិធីគាំទ្រសហគមន៍

BY
Liny Chan
January 22, 2021

– ផលិតកម្មវិលត្រឡប់មកសភាពធម្មតាវិញនៅ Crewe នៅពេលដែល Bentley វិនិយោគលើកម្មវិធីតេស្តិ៍អង់ទីហ្សែន មានលក្ខណៈជាប្រព័ន្ធ កាន់តែខ្ពស់ជាងមុន
– កម្មវិធីវាយតម្លៃហានិភ័យនៅនឹងកន្លែងការងារថ្មី លើកទឹកចិត្តឱ្យមានការបង្កើនការប្រុងប្រយ័ត្នរបស់មិត្តរួមការងារ និងលើកកម្ពស់ប្រព័ន្ធរាយការណ៍បុរេសកម្ម
– ការសង្កត់ធ្ងន់លើគំរូការងារដែលអាចបត់បែនបាន ដើម្បីកាត់បន្ថយការលំបាកក្នុងការថែទាំកុមារក្នុងអំទ្បុងពេលបិទប្រទេស និងការលើកកម្ពស់តុល្យភាពការងារ / ជីវិត
– ការផ្តល់កុំព្យូទ័រយួរដៃ និងការផ្តល់វ៉ាយហ្វាយ (Wi-Fi) សម្រាប់មិត្តរួមការងារនិងសហគមន៍ទូទៅ ដើម្បីគាំទ្រដល់ការអប់រំនៅផ្ទះរបស់កុមារ
– សហការី Bentley បានលើកទឹកចិត្តក្នុងការគាំទ្រសកម្មភាពក្នុងស្រុកសំខាន់ៗ រួមមានការដាក់ពង្រាយវ៉ាក់សាំង និង Meals on 22 inch Wheels ដល់សមាជិកដែលងាយរងគ្រោះនៅក្នុងសហគមន៍។

នៅថ្ងៃនេះក្រុមហ៊ុន Bentley Motors សូមស្វាគមន៍ចំពោះការវិលត្រឡប់មកសភាពធម្មតាវិញ នៃផលិតកម្ម បន្ទាប់ពីមានការបិទផ្អាកដំណើរការក្នុងរដូវរងា និងការត្រួតពិនិត្យលម្អិត និងពង្រីកបន្ថែម នូវវិធានការណ៍សុខភាព និងសុវត្ថិភាពកូវីដ១៩ ដែលមានភាពតឹងរ៉ឹង នៃម៉ាករថយន្តប្រណីត។ ទន្ទឹមគ្នានេះដែរ តួនាទីសំខាន់របស់ Bentley ដែលផ្តល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន នៅតែបន្តជាមួយមិត្តរួមការងារ ដែលបានស្នើសុំជួយក្នុងការដាក់ពង្រាយវ៉ាក់សាំងនៅក្នុង Cheshire និងកម្មវិធីថែទាំក្នុងស្រុក រួមទាំងការផ្តល់កុំព្យូទ័រយួរដៃដល់សាលារៀននានា។

ដើម្បីទទួលបានមកវិញនូវសុវត្ថិភាពសម្រាប់កម្លាំងពលកម្មផលិតកម្ម ១.៨០០ នាក់ ក្រុមហ៊ុន Bentley បានបង្កើនកម្មវិធីតេស្តិ៍អង់ទីហ្សែនយ៉ាងរហ័សចំនួន ៤ ដង ដើម្បីធានាថាមិត្តរួមការងារទាំងអស់ ដែលវិលត្រឡប់ទៅទីតាំងវិញ ត្រូវបានធ្វើតេស្ត និងមានសុវត្ថិភាពពីជម្ងឺកូវីដ១៩ មុនពេលសកម្មភាពផលិតកម្មទាំងស្រុងចាប់ផ្តើម។

នេះមានន័យថា គ្រប់គ្រងការធ្វើតេស្តចំនួន ១.៨០០ ក្នុងរយៈពេលពីរថ្ងៃ ដោយធ្វើឱ្យចំនួនសរុបនៃតេស្តអង់ទីហ្សែន ដែលផ្តល់ដោយ Bentley មានដល់ជិត ១៥.០០០ ចាប់តាំងពីខែឧសភាឆ្នាំមុន។ សហការី ដែលមិនមានរោគសញ្ញាត្រឹមតែ ២៧២ នាក់ប៉ុណ្ណោះបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ នៅពេលនោះ ដែលស្មើនឹងប្រមាណជា ៥ ភាគរយជាមួយនឹងអ្នកដែលរងផលប៉ះពាល់ ដែលបន្ទាប់មក ត្រូវបានដាក់ក្នុងស្ថានភាពដាច់ដោយទ្បែក ដោយស្ថិតក្រោមការត្រួតពិនិត្យជាទៀងទាត់ដោយក្រុមការងារសុខភាពរបស់ Bentley ។ ជាសញ្ញានៃភាពជោគជ័យនៃកម្មវិធីធ្វើតេស្ត Bentley មិនទាន់មានករណីបញ្ជាក់ណាមួយ នៃការឆ្លងក្នុងសហគមន៍នៅនឹងកន្លែងការងារនៅឡើយទេ។

ប៉ុន្តែដើម្បីឱ្យប្រាកដថា ទីតាំង Crewe របស់ក្រុមហ៊ុន មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន Bentley បានស្វែងរកសុពលភាពខាងក្រៅ នៅដើមឆ្នាំនេះ ពីសាកលវិទ្យាល័យ Imperial College London និងជាអ្នកឯកទេសសុខភាពឯករាជ្យ Optima Health ។ ពួកគេបានបញ្ជាក់ថា វិធានការណ៍អនាម័យ និងរក្សាគម្លាតសង្គម ចំនួន ២៥០ របស់ Bentley ដែលបានណែនាំកាលពីឆ្នាំមុន នឹងនៅតែមានដដែល ដើម្បីបង្កើនសុវត្ថិភាពជាអតិបរមា ដល់មិត្តរួមការងារផលិតកម្ម។ វិធានការទាំងនេះ រួមបញ្ចូលការពាក់ម៉ាស ជាចាំបាច់នៅនឹងកន្លែងការងារ ការធ្វើឱ្យប្រសើរឡើងនូវទម្លាប់
អនាម័យ និងការធ្វើចលនាលើផ្លូវក្នុងទិសតែមួយ និងលំហូរចរាចរណ៍នៅទូទាំងទីតាំងក្រុមហ៊ុន។

លើសពីនេះទៀត កម្មវិធីវាយតម្លៃហានិភ័យនៅនឹងកន្លែងការងារថ្មី សម្រាប់សហការីទាំងអស់ ដែលត្រូវបានរចនា បង្កើត និងដាក់ពង្រាយ ដោយក្រុមឌីជីថលផ្ទាល់ខ្លួនរបស់ Bentley ត្រូវបានដាក់ឱ្យចាប់អនុវត្ត។ ការណ៍នេះលើកទឹកចិត្តឱ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសទាក់ទងនឹងប្រភេទវីរុសកូវីដថ្មី ដែតម្រូវឱ្យមានវិធានការណ៍សុវត្ថិភាពហ្មត់ចត់ រួមទាំងការវាយតំលៃខ្លួនឯងនៅផ្ទះមុនថ្ងៃធ្វើការចាប់ផ្តើម ហើយដើរតួជាការសន្ទនាគ្នាទៅវិញទៅមក រវាងសហការី និងអ្នកតំណាងសុខភាពនិងសុវត្ថិភាព ដើម្បីបង្កើនសុខុមាលភាពជុំវិញកន្លែងការងារ។

ដោយអត្ថាធិប្បាយអំពីការប្រុងប្រយ័ត្នបន្ថែម ដែល Bentley កំពុងអនុវត្ត វេជ្ជបណ្ឌិត Astrid Fontaine សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ប្រជាជន ឌីជីថលូបនីយកម្ម និងព័ត៌មានវិទ្យា របស់ Bentley Motors បានមានប្រសាសន៍ថា៖ នៅពេលយើងចាប់ផ្តើមឆ្នាំថ្មី ក្រោមកាលៈទេសៈដ៏លំបាក យើងនៅតែប្តេជ្ញាចិត្ត មិនត្រឹមតែរក្សាខ្សែការពាររឹងមាំរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកិច្ចការពារទាំងនេះទៀតផង។ សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់មិត្តរួមការងារ គ្រួសារនិងសហគមន៍របស់យើង នឹងនៅតែជាអាទិភាពទីមួយរបស់យើងជានិច្ច ហើយវិធានការណ៍ ដែលយើងបានដាក់ចេញ នឹងការពារយើងក្នុងរយៈពេលខ្លី ទន្ទឹមនឹងការកសាង មូលដ្ឋានសុវត្ថិភាពសម្រាប់មហិច្ឆតាយុទ្ធសាស្ត្រអនាគត ដ៏រំភើបរបស់យើង និងកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ និងនាពេលអនាគត។

នៅពេលដែលការបំពេញការងារនៅនឹងកន្លែងធ្វើការមិនចាំបាច់ សហការីនឹងបន្តការងារពីចម្ងាយ ដែលរួមមានកម្លាំងពលកម្ម ៤.០០០ នាក់ ភាគច្រើនរបស់ Bentley ដែលប្រមាណជា ៦០ ភាគរយ។ វីធីសាស្ត្រនេះជួយគ្រប់គ្រងដង់ស៊ីតេកម្លាំងពលកម្មនៅនឹងកន្លែងការងារនាពេលថ្ងៃការងារ និងកាត់បន្ថយហានិភ័យជាអតិបរមា នូវការប៉ះពាល់ជាមួយមិត្តរួមការងារ។

Bentley ក៏កំពុងចាត់វិធានការ តាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយបញ្ហាប្រឈម ក្នុងការមើលថែទាំកូន និងការសិក្សានៅផ្ទះ បន្ទាប់ពីការបិទសាលារៀននៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ និងផលប៉ះពាល់កាន់តែធំធេង នៃការបិទប្រទេសលើសុខុមាលភាពផ្ទាល់ខ្លួនរបស់ប្រជាជន។ សម្រាប់ឪពុកម្តាយ វារួមបញ្ចូលទាំងភាពបត់បែនបន្ថែម ជុំវិញគំរូនៃការងារ និងការផ្តល់ជូននូវកុំព្យូទ័រយួរដៃ និងឧបករណ៍វ៉ាយហ្វាយចល័ត (wi-fi hotspots) បន្ថែម ដើម្បីគាំទ្រដល់ការសិក្សានៅផ្ទះ តាមតម្រូវការ។ ការសង្កត់ធ្ងន់យ៉ាងខ្លាំងលើសុខុមាលភាព និងការយកចិត្តទុកដាក់ចំពោះមិត្តរួមការងារទាំងអស់ដែលរងផលប៉ះពាល់ នៅតែបន្ត។

ដោយបង្វែរការយកចិត្តទុកដាក់ឆ្ពោះទៅរកសហគមន៍ធំទូលាយ កិច្ចខិតខំប្រឹងប្រែងគាំទ្រដោះស្រាយវិបត្តិរបស់ Bentley នៅតែបន្ត និងពង្រីកវិសាលភាពកាន់តែធំជាងមុន។ បន្ថែមពីលើការផ្តល់ជូនកុំព្យូទ័រយួរដៃ យ៉ាងហោចណាស់ ៣០ គ្រឿង ដែលអាចប្រើបាននៅតាមសាលារៀនក្នុងស្រុក សម្រាប់ក្រុមគ្រួសារទាំងនោះ ដែលត្រូវការកិច្ចគាំទ្រជាមួយនឹងការអប់រំនៅផ្ទះ ជាថ្មីម្តងទៀតក្រុមហ៊ុនយើងខ្ញុំកំពុងលើកទឹកចិត្តដល់មិត្តរួមការងារ ឱ្យធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍មូលដ្ឋាន។ ផលិតផល និងរថយន្តជំនួយ Bentley នឹងមានវត្តមាន ដើម្បីផ្តល់ជូននូវវត្ថុសំខាន់ៗនៅក្នុងសហគមន៍ រួមទាំងអាហារ និងថ្នាំដល់អ្នកដែលត្រូវការ តាមរយៈសេវាកម្ម “Meals on 22 inch Wheels”។ ដោយមានតំរូវការខ្ពស់សំរាប់អ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស ក្នុងការគាំទ្រជាមួយកម្មវិធីចាក់វ៉ាក់សាំង ហើយ Bentley បានក្លាយជាដៃគូក្នុងគំនិតផ្តួចផ្តើមគាំទ្រមួយចំនួន ក្រុមហ៊ុនក៏កំពុងលើកទឹកចិត្តដល់មិត្តរួមការងារ អោយចូលរួមនិងស្ម័គ្រចិត្តជួយក្នុងគ្រាលំបាកនេះ។

កំណត់សំគាល់របស់អ្នកនិពន្ធ
Bentley Motors គឺជាម៉ាករថយន្តប្រណីតដែលត្រូវបានស្វែងរកច្រើនបំផុតនៅលើពិភពលោក។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅ Crewe គឺជាកន្លែងសម្រាប់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុននេះ ដោយរួមមានការរចនាម៉ូត, ការស្រាវជ្រាវ និងអភិវឌ្ឍន៍, វិស្វកម្ម និងផលិតកម្មនៃគំរូម៉ូដែលទាំងបីរបស់ក្រុមហ៊ុនគឺ Bentayga, Continental និង Flying Spur ។ ការរួមបញ្ចូលគ្នានៃទឹកដៃសិល្បៈហត្ថកម្មដ៏ស្រស់ស្អាត ដោយប្រើជំនាញដែលត្រូវបានផ្ទេរបន្តឱ្យមនុស្សជាច្រើនជំនាន់ រួមជាមួយជំនាញវិស្វកម្ម និងបច្ចេកវិទ្យាទំនើប គឺមានតែមួយគត់ ចំពោះម៉ាករថយន្តប្រណីតរបស់ចក្រភពអង់គ្លេស ដូចជា Bentley ជាដើម។ វាក៏ជាឧទាហរណ៍មួយ នៃការផលិតរបស់អង់គ្លេសដែលមានតម្លៃខ្ពស់បំផុត។ Bentley ជួលបុគ្គលិកប្រហែល ៤០០០ នាក់នៅ Crewe ។

Share This Post: