ចោរមួយក្រុមធ្វើសកម្មភាពឆ្កឹះគន្លឹះទ្វាររបងដែកយ៉ាងស្ទាត់ជំនាញ ចូលកាច់សោរ.កលួចយកម៉ូតូ២គ្រឿង បានសម្រេចរត់គេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ ថ្វីបើប្រទេសជាតិយើងកំពុងមានសុខសន្តិភាពពិតមែន ប៉ុន្តែបញ្ហាអសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តកើតមានករណីឆក់ ប្លន់ គាស់ផ្ទះជាបន្តបន្ទាប់ ទោះជាសមត្ថកិច្ចគ្រប់មូលដ្ឋានចេញល្បាតពួនស្ទាក់ ត្រៀមលក្ខណៈ អន្តរាគមន៍ ទប់ស្កាត់បង្ការ បង្ក្រាប យ៉ាងណាក៏ដោយ ក៏ក្រុមចោរតែងលួចធ្វើសកម្មភាពអំឡុងពេលមិនដល់១០នាទីទេ ដូច្នេះហើយយើងជាម្ចាស់ គួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាក់ស្ដែងមានចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពឆ្កឹះគន្លឹះទ្វាររបងដែកយ៉ាងស្ទាត់ជំនាញ រួចបើកទ្វារចូលទៅលួចកាច់បំបែកសោរ.កយកម៉ូតូ ២គ្រឿង យកទៅបានសម្រេច ហើយជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ខណៈពេលម្ចាស់ចូលងូតទឹកមិនបាន៣០នាទីផង លុះពេលចេញមកវិញដើរទៅអឺតមើលទ្វារ ទើបដឹងថា ចោរចូលលួចម៉ូតូបាត់។

ហេតុការណ៍នេះកើតឡើងកាលពីចន្លោះម៉ោងប្រហែល០១៖២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចអតីតផ្ទះលក់កាហ្វេយីហោ “ណេណេ” ផ្ទះលេខ៦៧៧ លើផ្លូវ៣៦៩ ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម៉ូតូ ២គ្រឿង ដែលចោរលួចយកទៅបាត់នោះមានម្ចាស់២ផ្សេងគ្នា៖
ទី១.ជនរងគ្រោះឈ្មោះ ប៉ាង ភារុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ធ្វើការក្រុមហ៊ុន ជាម្ចាស់ម៉ូតូម៉ាកហុងដា ហ្សូមម័រអ៊ិច (Honda Zoomer-X) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-1792 ។
ទី២.ជនរងគ្រោះឈ្មោះ ណាន វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខធ្វើការក្រុមហ៊ុន ជាម្ចាស់ម៉ូតូម៉ាក ស៊ុយសូគីស្មាស់ (Suzuki Smash) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BZ-2494 ។ (ម្ចាស់ម៉ូតូទាំងពីរខាងលើ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា) ។
តាមសម្តីនារីម្នាក់ដែលជាកូនស្រីម្ចាស់ផ្ទះមិនបានប្រាប់ឈ្មោះឡើយបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ចោរមានគ្នាមិនក្រោមពីរនាក់ឡើយ បានធ្វើសកម្មភាពយកលើកគន្លឹះទ្វាររបងដែកផ្ទះរបស់គាត់ រួចលូកដៃបើកសោររបងចូលបានយ៉ាងងាយស្រួល ព្រោះនៅមុនពេលកើតហេតុ បងប្រុសរបស់គាត់មិនបានកឹបសោរទេ គ្រាន់តែទាញទ្វារបិទហើយ ខ្ទាស់គន្លឹះទ្វារដូចធម្មតាប៉ុណ្ណោះ ហើយចូលងូតទឹកនៅក្នុងបន្ទប់ទឹកបាត់ទៅ ដោយមិនដឹងថា មានចោរមកធ្វើសកម្មភាព កាច់បំបែកសោរ.កម៉ូតូចំនួន២គ្រឿងខាងលើ ក្នុងចំណោមម៉ូតូជិត១០គ្រឿងដែលដាក់តម្រៀបគ្នាក្នុងផ្ទះរបស់គាត់ ហើយយកជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព លុះពេលបងប្រុសរបស់គាត់ងូតទឹករួចក៏បានដើរចេញមកមើលទ្វារដែរ តែមិនចាប់អារម្មណ៍ព្រោះឃើញទ្វារបិទផ្ទប់គ្នា ស្រាប់តែងាកមើលម៉ូតូបែរជាបាត់អស់២គ្រឿង ទើបដឹងថាមានចោរចូលលួចយកបាត់ទៅហើយ ទើបស្រែក ឆោឡោ ប្រាប់បងប្អូនក្នុងផ្ទះថា មានចោរ ចូលលួចម៉ូតូ បាត់ហើយ រួចក៏បានជិះម៉ូតូដើររកមើល ជុំវិញភូមិដែរ តែរកមិនឃើញឡើយ ទើបនាំគ្នាផ្ដល់ដំណឹងទៅវិទ្យុABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅ បានដឹង បើសិនជាបានឃើញ ភិនភាគម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ស្លាកលេខភ្នំពេញ 1GJ-1792 និងមួយគ្រឿងទៀតម៉ាក Suzuki Smash ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BZ-2494 សូមជួយស្ទាក់ឃាត់អោយផង ព្រោះម៉ូតូទាំងពីរត្រូវបានចោរ លួចកាច់ក ចេញទៅបាត់ហើយ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់កាប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកប្រា នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ច ធ្វើការស្រាវជ្រាវរក មុខក្រុមជនសង្ស័យទាំងនោះ អោយអស់ពីសមត្ថភាពផង ៕












ដោយ៖ បងម៉េង ខ្មែរណូត