PR

ការស្រាវជ្រាវរបស់អង្គការ FOUR PAWS បង្ហាញថា ការទិញ-លក់សាច់សត្វទាំងនេះ មិនត្រឹមតែអាក្រក់បំផុតទេ ថែមទាំងបង្កជាហានិភ័យចំពោះសុខភាពសាធារណៈ

BY
Liny Chan
March 6, 2021

ភ្នំពេញថ្ងៃទី ៥ មីនា ២០២១ – អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS បានបិទកន្លែងសំលាប់សត្វឆ្កែដ៏សាហាវមួយនៅស្គន់ កាលពីថ្ងៃទី ៤ ខែមីនានិងបានជួយសង្គ្រោះសត្វឆ្កែ ១៦ ក្បាលបន្ថែមទៀត។ ទីសត្តឃាតត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់សាច់ឆ្កែដ៏សំខាន់នៅក្នុងតំបន់។ ចាប់តាំងពីបើកកន្លែងនេះនៅឆ្នាំ ១៩៩៥ ម្ចាស់ទីតាំងបានអះអាងថាគាត់បានពន្លិចសត្វឆ្កែក្នុងទឹករហូតដល់ទៅ ២០០ ក្បាលក្នុងមួយថ្ងៃនិងផ្គត់ផ្គង់សាច់ឆៅដល់ភោជនីយដ្ឋានលក់សាច់ឆ្កែនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ។ អង្គការ FOUR PAWS បានយកសត្វឆ្កែដែលត្រូបបានជួយសង្គ្រោះទាំងនោះទៅឱ្យអង្គការដៃគូក្នុងស្រុករបស់ពួកគេ ហើយនិងកំពុងរៀបចំឱ្យគេយកទៅចិញ្ចឹម។ នៅប្រទេសកម្ពុជាមានសត្វឆ្កែប្រមាណ ៣ លានក្បាល ដែលភាគច្រើនជាសត្វចិញ្ចឹមដែលត្រូវបានចោរលួច ត្រូវបានគេសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។

អង្គការ FOUR PAWS បានដឹងអំពីទីតាំង ទីសត្តឃាតដែលស្ថិតនៅម្ដុំស្គន់មួយនេះ តាមរយៈការស៊ើបអង្កេតលើការជួញដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ ក្រុមការងារក្នុងស្រុករបស់អង្គការ FOUR PAWS បានទៅជួបជាមួយម្ចាស់ទីតាំងជាច្រើនដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីគាត់បានទាក់ទងរកជំនួយដើម្បីដើរចេញពីការរកស៉ីលក់សាច់ឆ្កែបន្ដទៀត។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍បានរាយការណ៍ថា “ ទីសត្តឃាតមួយនេះគឺជាកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលក្រុមរបស់យើងបានប្រទះ។ នៅពេលដែលយើងបានរកឃើញអាងទឹកស៊ីម៉ងត៍ពីរជាន់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់យើងថា កន្លែងសំលាប់សត្វនេះត្រូវបានរចនាឡើងសំរាប់សំលាប់រង្គាល។ ក្នុងរយៈពេល ២៥ ឆ្នាំនេះ សត្វឆ្កែជាងមួយលានក្បាលត្រូវបានពន្លិចក្នុងទឹកនៅឯទីសត្តឃាតមួយនេះ។ ការអនុវត្តនៃការពន្លិចទឹកសត្វឆ្កែទាំងរស់នេះ បង្កឱ្យមានភាពឈឺចាប់យ៉ាងខ្លាំងដល់សត្វ ហើយការធ្វើបែបនេះ គឺវាពិតជាមិនបានសូម្បីតែអនុលោមតាមស្តង់ដារអន្តរជាតិនៃមនុស្សធម៌ណាមួយទាល់តែសោះ។ សត្វឆ្កែ ១៦ ក្បាលដែលយើងបានរកឃើញនៅនឹងកន្លែងគឺជាសត្វរស់រានមានជីវិតពីការអនុវត្តន៍បុរាណដ៏គួរឱ្យរន្ធត់មួយនេះដែលមិនគួរអោយមានវត្តមាននៅក្នុងសង្គមទំនើបមួយនេះទេ។” អតីតម្ចាស់ទីសត្តឃាតបានធានាដល់អង្គការ FOUR PAWS និង អាជ្ញាធរក្នុងតំបន់ ថាគាត់នឹងលែងចូលរួមក្នុងជួញដូរសាច់ឆ្កែទៀតហើយ។ អង្គការ FOUR PAWS កំពុងសម្របសម្រួលការផ្លាស់ប្តូរជីវិតរបស់គាត់ពីកន្លែងសត្តឃាតទៅជាហាងទំនិញទូទៅនិងអាជីវកម្មសំណង់។

សត្វឆ្កែសរុបចំនួន ៧៧ ក្បាលត្រូវបានជួយសង្គ្រោះក្នុងរយៈពេលពីរសប្តាហ៍
សត្វឆ្កែដែលជួយសង្គ្រោះទាំង ១៦ ក្បាលឥឡូវនេះបានចូលរួមជាមួយឆ្កែចំនួន ៦១ ក្បាលដែលត្រូវបានជួយសង្រ្គោះកាលពីថ្ងៃទី២១ខែកុម្ភះកន្លងទៅនេះ។ មន្ទីរកសិកម្មខេត្តសៀមរាបបានរកឃើញសត្វឆ្កែត្រូវបានដាក់ប្រជ្រៀតគ្នាចូលទៅក្នុងទ្រុងតូចៗចំនួន ៦ ក្នុងឡានទួរីសតូចមួយធ្វើដំណើរឆ្លងកាត់ខេត្តទៅកាន់ទីសត្តឃាតដោយចំណាយពេលជាច្រើនម៉ោង។ ទោះបីជាការជួញដូរសាច់ឆ្កែត្រូវបានហាមឃាត់ជាផ្លូវការនៅខេត្តសៀមរាបចាប់តាំងពីខែកក្កដាឆ្នាំ ២០២០ ក៏ដោយ ក៏វាជាលើកទី ១ ដែលឆ្កែត្រូវបានរឹបអូសជួយសង្រ្គោះដោយរដ្ឋាភិបាលនៅកម្ពុជា។ ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងស្រុករបស់ខ្លួនគឺ “អង្គការសង្គ្រោះសត្វកម្ពុជា” នៅភ្នំពេញ និង “Paw Patrol Cambodia” នៅខេត្តសៀមរាប អង្គការ FOUR PAWកំពុងផ្តល់ការថែទាំសុខភាពនិងរៀបចំឆ្កែចំនួន ៧៧ ក្បាលសម្រាប់ការទទួលចិញ្ចឹមពីអ្នកស្រលាញ់សត្វ។ អង្គការ FOUR PAWS បានរកឃើញកន្លែងសំលាប់សត្វដែលមានបរិមាណច្រើននិងភោជនីយដ្ឋានលក់សាច់ឆ្កែរាប់រយនៅទូទាំងប្រទេសកម្ពុជាដែលភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបណ្ឌិត ប៉ូឡាក់ មានប្រសាសន៍ថា “អន្តរាគមន៍ដំបូងរបស់អាជ្ញាធរមូលដ្ឋាននិងការហាមឃាត់ការជួញដូរសាច់ឆ្កែនៅខេត្តសៀមរាបក៏ដូចជាការបិទកន្លែងសត្តឃាតមួយទៀត គឺជាសារយ៉ាងសំខាន់ថាការជួញដូរសាច់ឆ្កែត្រូវតែបញ្ឃប់ជាដាច់ខាត” ។

គ្រោះថ្នាក់នៃជួញដូរសាច់ឆ្កែនិងឆ្មា
ការស្រាវជ្រាវរបស់អង្គការ FOUR PAWS មិនត្រឹមតែបង្ហាញថាការធ្វើការជួញដូរសាច់ឆ្កែនិងឆ្មាពាក់ព័ន្ធនឹងភាពសាហាវឃោរឃៅទៅលើសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីហានិភ័យចំពោះសុខភាពសាធារណៈផងដែរ។ នៅទ្វីបអាស៊ី មានសត្វឆ្កែនិងឆ្មាប្រហែល ៣០ លានក្បាលដែលជាសត្វអនាថា ក៏ដូចជាសត្វចិញ្ចឹមផងដែរ ត្រូវបានគេលួចនិងសម្លាប់យកសាច់របស់ពួកគេ។ លក្ខខណ្ឌគ្មានអនាម័យនិងភាពឃោរឃៅក្នុងកំឡុងពេល ដឹកជញ្ជូន ផ្ទុក និង សម្លាប់ វាជាកន្លែងបង្កាត់វីរុសឆ្លងពីសត្វទៅមនុស្ស។ សត្វឆ្កែនិងឆ្មាជាច្រើនតែងតែត្រូវបានគេសម្លាប់និងលក់ជាមួយសត្វព្រៃនៅតាមទីផ្សារលក់សត្វរស់។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ជំងឺរាតត្បាត កូវីដ១៩ បានបង្ហាញពីហានិភ័យដែលទាក់ទងនឹងការជួញដូរសត្វរស់។ ជំងឺឆ្កែឆ្កួត និង ជំងឺអាសន្នរោគ គឺជាជំងឺពីរដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការជួញដូរសាច់ឆ្កែនិងឆ្មា។ សត្វឆ្កែនិងសត្វឆ្មាអាចដើរតួជាកត្ដាដ៏សំខាន់សម្រាប់ការកើតមាននិងរាលដាលនៃភ្នាក់ងារបង្ករោគពីសត្វទៅមនុស្ស។ ដូច្នេះយើងមិនអាចច្រានចោលបានទេថាការរាតត្បាតបន្ទាប់អាចមកពីការជួញដូរសាច់ឆ្កែនិងឆ្មាហើយឥឡូវនេះគឺជាពេលវេលាមួយយ៉ាងសាកសមដើម្បីធ្វើសកម្មភាពក្នុងការបញ្ចប់ការជួញដូរនេះ។”

មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោកបានប្រកាន់ជំហរប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មា
ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាប្រកបដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយថ្នាក់អន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ ប្រជាជនជាងមួយលាននាក់នៅទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិរួចហើយដើម្បីបញ្ចប់ការជួញដូរដ៏ឃោរឃៅមួយនេះ។ តាមរយៈការងារ និង កិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ និងសមាគមទេសចរណ៍ យើងមានគោលបំណងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យណែនាំច្បាប់សុខុមាលភាពសត្វហាមឃាត់ការជួញដូរដ៏ឃោរឃៅ។ លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រដល់អង្គការ និង សហគមន៍សុខុមាលភាពសត្វក្នុងមូលដ្ឋានជាមួយកម្មវិធីគ្រប់គ្រងចំនួនសត្វឆ្កែនិងឆ្មាប្រកបដោយចីរភាព។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ក្នុងការប្រឆាំងការជួញដូរនៅអាស៊ីអាគ្នេយ៍។

Share This Post: