សិល្បៈ

អតីត Freshie Boys ឆ្នាំ២០០៩ ចែករំលែកសារដល់មនុស្សគ្រប់គ្នា ក្រោយវះកាត់ខ្ទង់ច្រមុះខូច ហើយព្យាបាលអស់ជាង ៣ ម៉ឺនដុល្លារទម្រាំត្រលប់មកដូចដើមវិញ

BY
Khmernote Media
March 7, 2021

ជាការពិតណាស់មនុស្សគ្រប់រូបកើតមកតែងតែរមែងចង់បានភាពស្រស់ស្អាត ហើយដើម្បីទទួលបានភាពស្រស់ស្អាតសមទៅនឹងអ្វីដែលខ្លួនចង់បានមនុស្សយើងព្យាយាមគ្រប់យ៉ាងដើម្បីធ្វើវា។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបទៅៗ អ្នកដែលចង់បានភាពស្រស់ស្អាតភាគច្រើនបានជ្រើសរើសយកវិធីកែសម្ផស្ស។ ការកែសម្ផស្សអាចនិយាយបានថា មិនមែនជារឿងខុសឆ្គងទេ សម្រាប់មនុស្សសម័យថ្មី តែពេលខ្លះក៏មិនត្រូវ ឬសមតាមបំណងរបស់យើងគ្រប់ពេលដែរ។

តួយ៉ាងបើយោងតាមលោក សេង រ៉ាក់ដា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ហ៊ា តូ បានទម្លាយប្រាប់ពីអារម្មណ៍ក្រោយពេលកែសម្ផស្សរបស់ខ្លួនរួច ដែលអាចជាសារមួយដើម្បីណែនាំ ក៏ដូចជាមេរៀនដាស់តឿនដល់អ្នកដែលមានបំណងកែសម្ផស្ស។ លោក សេង រ៉ាក់ដា ដែលត្រូវបានគេស្គាល់ថា ជាអតីត Freshie Boys ឆ្នាំ២០០៩ កាលពីពេលថ្មីៗនេះបានបង្ហោះនូវសារមួយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ « ទំរាំបានប៉ុណ្ណឹងត្រលប់មកវិញ តើខ្ញុំត្រូវឆ្លងកាត់មុខកាំបិតប៉ុន្មានរយដង? ហើយមុខម្ជុលប៉ុន្មានពាន់ដង? ហើយបើសួរខ្ញុំថា ឈឺអត់? បាទ ពិតជាឈឺ ឈឺស្ទើរតែអស់ជិវិត!!! សូមកុំយកគំរូតាម ព្រោះវាគ្រោះថ្នាក់ណាស់! »។

យ៉ាងណាមិញយោងតាមការបង្ហាញអារម្មណ៍ក្រោយធ្វើការកែសម្ផស្សនេះ អតីត Freshie Boys ឆ្នាំ២០០៩ រូបនេះបានផ្ដល់ជាមេរៀនថា បើសិនជាយើងគ្រប់គ្នាកើតមកមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ហើយឆ្លុះកញ្ចក់មើលមិនមានទាស់ចិត្តកន្លែងណាហើយ គួរកុំជ្រើសរើសការកែសម្ផស្ស ព្រោះវាមិនប្រាកដថាអាចសមនឹងបំណងយើងចង់បាននោះទេ ជាក់ស្ដែងដូចរូបលោកផ្ទាល់ ធ្វើការវះកាត់ច្រមុះដាក់ខ្ទង់រហូតដល់ ៦ ទៅ ៧ដង នៅតែមិនសមតាមចិត្តចង់បាន ហើយជាលទ្ធផល មិនត្រឹមតែមិនសមដូចបំណងនោះទេ ក៏ភ្លាត់ធ្វើឲ្យខូចច្រមុះ ខាតទាំងសម្រស់ពីធម្មជាតិ ឈឺខ្លួន ជាពិសេសនោះទម្រាំកែប្រែបានដូចដើមវិញត្រូវចំណាយប្រាក់អស់ដល់ទៅជាង 3ម៉ឺនដុល្លារ ហើយត្រូវខាតពេលវេលាទៀតផង។ ដូច្នេះហើយតាមរយៈបទពិសោធន៍លោកផ្ទាល់ អាចជាមេរៀនមួយ ឬ ជាសារណែនាំដល់មនុស្សគ្រប់គ្នាគួរស្រលាញ់សម្រស់ដែលខ្លួនមាន ព្រោះការកែសម្ផស្សមិនស្អាត ដូចសម្រស់ធម្មជាតិនោះទេ ហើយប្រថុយនឹងគ្រោះថ្នាក់ណាស់៕

Share This Post: