ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គាស់ផ្ទះលួចយកលុយ ម៉ូតូ៣គ្រឿង និងគ្រឿងអលង្ការពេជ្រ សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ កាលពីចូលឆ្នាំចិន យកទៅលក់ចែកគ្នាស៊ីចាយអស់ ចុងក្រោយត្រូវបានសមត្ថកិច្ចក្របួចបានប្រុសស្រី៣នាក់ (មានវីដេអូ)

    BY Khmernote Media March 12, 2021
    គាស់ផ្ទះលួចយកលុយ ម៉ូតូ៣គ្រឿង និងគ្រឿងអលង្ការពេជ្រ សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ កាលពីចូលឆ្នាំចិន យកទៅលក់ចែកគ្នាស៊ីចាយអស់ ចុងក្រោយត្រូវបានសមត្ថកិច្ចក្របួចបានប្រុសស្រី៣នាក់ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ ក្រុមជនសង្ស័យ ប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះលួច យកលុយ ម៉ូតូ៣គ្រឿង គ្រឿងអលង្ការពេជ្រ អស់ជាង៤ម៉ឺនដុល្លារ នៅក្នុងសង្កាត់ទួលទំពូងទី២ កាលពីម៉ោង០៣៖១៩នាទីទាបភ្លឺ ចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវជាថ្ងៃចូលឆ្នាំចិន នៅចំណុចផ្ទះលេខ50B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ពេលនេះត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញ បង្រ្កាបបានហើយ ដែលពាក់ព័ន្ធករណីគាស់ផ្ទះគេលួចយកលុយ, ម៉ូតូ, គ្រឿងអលង្ការពេជ្រ សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ និងករណីមួយទៀតជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតម្សៅក្រាមសថ្លាចំនួន៤កញ្ចប់ធំល្មម ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    បើតាមលោកអនុសេនីយ៍ឯក សេង ចាវ មន្ត្រីផ្នែក ព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ១.ឈ្មោះ ដួង តារា ហៅ អាខ្វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករធ្វើទុយោទឹក។ ២-ឈ្មោះ ហេង គឹមលាង ហៅ ជី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ។ វត្ថុតាងចាប់យកមាន កន្រ្តៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១ ។ និងទី៣-ជនសង្ស័យឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូចសង្ស័យជាសារធាតុញៀន ។

    លោក យិន សាន អធិការខណ្ឌចំការមន បានឱ្យដឹងថា ក្រោយពីមានករណីលួចគាស់ផ្ទះល្វែងលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការនិងម៉ូតូ កាលពីវេលាម៉ោង០៣:១៩នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ (ដែលជាថ្ងៃចូលឆ្នាំចិន) នៅចំណុចផ្ទះលេខ៥០B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរួចមក លោកចាត់ឱ្យអធិការរងចំនួន២នាក់ផ្នែកព្រហ្មទណ្ឌខណ្ឌ ចុះស៊ើបអង្កេតរកមុខសញ្ញា ដោយលោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ ធ្វើការស៊ើបអង្កេតរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយកម្លាំងលោក បានសហការជាមួយកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅឃាត់ខ្លួនជនសង្ស័យ ដែលស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង បានចំនួន២នាក់(ប្រុស១ស្រី១) ជាគូសង្សារនឹងគ្នា ហើយនាំមកអធិការដ្ឋានខណ្ឌដើម្បីសាកសួរនាំ។ លុះមកដល់វេលាម៉ោង២២:២០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដដែល សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ នៅចំណុចមុខផ្សារហេងលី ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសខាងលើ ។

    សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជុំ ផល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា គាត់បានបាត់បង់សម្ភារដូចជាខ្សែដៃពេជ្រ១ខ្សែ មានតម្លៃ១៤.០០០ដុល្លារ, ក្រវិលពេជ្រ៣គូ តម្លៃ៩.០០០ដុល្លារ, ខ្សែកប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ៦០០ដុល្លារ, ខ្សែដៃប្លាទីន៤ខ្សែ ក្នុង១ខ្សែតម្លៃ១៣០០ដុល្លារ, លុយដុល្លារអាមេរិក៤.៨០០ដុល្លារ, ម៉ូតូ៣គ្រឿងម៉ាក ឃ្លីក១គ្រឿងមិនចាំស្លាកលេខម៉ាកscoopy៣គ្រឿងសរុបចំនួនទឹកប្រាក់ប្រហែលជាង៤ម៉ឺនដុល្លារ។ ជនសង្ស័យខាងលើឃាត់ខ្លួន២បទល្មើស ដោយបទល្មើសទី១.ករណីគាស់ផ្ទះលួចយកគ្រឿងអលង្ការនិងទ្រព្យសម្បត្តិ និងបទល្មើសទី២.រក្សាទុកនូវសារធាតុញៀនខុសច្បាប់។

    ដោយឡែកនៅពេលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេយក គ្រឿង អលង្ការពេជ្រ ទ្រព្យសម្បត្តិ និងម៉ូតូ ដែលលួចបាននោះ យកទៅលក់ចែកគ្នាស៊ីចាយអស់ហើយ មុនពេលសមត្ថកិច្ចបង្រ្កាបបាន គឺយកទៅលេងល្បែង និងជក់គ្រឿងញៀន ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងបីនាក់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

    នៅក្នុងមួយរយៈពេលនេះគេសង្កេតឃើញថាករណីចោរកម្មនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន មានកើតចោរគាស់ផ្ទះចំនួន២លើកមកហើយ គឺនៅលើកទី១កើតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ម្ចាស់ផ្ទះបាត់លុយនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារដែរ។ លើកទី២នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១គិតជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ ទៀត ហើយករណីទី១នោះមិនទាន់បង្រ្កាបបាននៅឡើយទេ កាលនោះប្រជាពលរដ្ឋបានសំណូមពរឱ្យលោក អ៊ុក សាវឿន នាយប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ ជួយល្បាតក្នុងមូលដ្ឋានផង ពីព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ ដោយភាគច្រើនប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ច្រើនតែជាអាជីវករលក់ដូរតាមផ្សារនិងបុគ្គលិកក្រុមហ៊ុនឯកជន។ ជាក់ស្ដែងចោរគាស់ផ្ទះពេលម្ចាស់ផ្ទះទៅលេងស្រុកកំណើត ឬទៅលេងតាមខេត្ត ត្រូវជនសង្ស័យមកលួចគាស់បើកទ្វារផ្ទះជញ្ជូនសម្ភារចេញពីក្នុងផ្ទះ ប្រសិនបើអ្នកមិនស្គាល់ស្មានតែម្ចាស់ផ្ទះរើផ្ទះទាំងយប់ទៀតផង។

    ដូច្នេះប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ ស្នើសុំឱ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នងការរាជធានីភ្នំពេញជួយត្រួតពិនិត្យប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ឱ្យមានការចេញកម្លាំងល្បាតក្នុងមូលដ្ឋានផង៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: