«កំណើតខ្លា អំបូរនាគ» សាច់រឿងថ្មី ពីជីវិតតួអង្គក្នុងពិភពក្រុមអ្នកលេងសង្គមងងឹត ចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនហើយ
ជាខ្សែភាពយន្តភាគថៃដ៏ថ្មីសន្លាងមួយ ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានពាំនាំយកមកចាក់ផ្សាយជូនទស្សនិកជនក្នុងការទស្សនាពីសាច់រឿងរបស់តួអង្គគ្រប់ប្រភេទ គ្រប់រ់សជាតិតាមបែបជាក្រុមអ្នកលេងកាប់ចាក់ ។ «កំណើតខ្លា អំបូរនាគ» គឺជាប្រភេទរឿងដែលបកស្រាយបង្ហាញពី ខ្សែជីវិតក្មេងស្រី និងបុរសម្នាក់ដែលពួកគេទាំងពីររស់់នៅក្នុងសង្គមងងឹតមួយដ៏គួរឲ្យខ្លាច។

ជាមួយនឹងសាច់រឿងថ្មីនេះដែរ ទស្សនិកជននឹងទទួលយកនូវបទពិសោធន៍ កាន់តែដឹងច្បាស់ថា តើការប្រើប្រាស់ជីវិតក្នុងសង្គមងងឹតនឹងទៅជាយ៉ាងណា ហើយអ្នកដែលសាងអំពើបាបកម្ម ចុងក្រោយនឹងទទួលតាមផលកម្មគេដូចម្តេចខ្លះ? ដូចជា តួអង្គ នាយខ្លា ដែលមានវង្សត្រកូលក្នុងដំបូលគ្រួសារជនជាតិចិន មានឪពុកមាជាអ្នកលេងនៅក្នុងស្រុកដ៏ល្បី កាប់សម្លាប់មនុស្សដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ អាជូ គឺជាក្មេងស្រីកូនអភិជនមួយរូបដែលមានមុខជំនួញជាច្រើននៅក្នុងដៃ តែដោយសំណាងអាក្រក់ នាងត្រូវបានពូរបស់នាយខ្លា សម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិដីធ្លីទាំងអស់ រហូតធ្លាក់ខ្លួនក្រ គ្មានទីពឹង។ ជានិស្ស័យ នាយខ្លាចិត្តមិនដាច់ពី អាជូ ហើយក៏បានទទួលយកអាជូទៅរស់នៅផ្ទះជាមួយខ្លួន និងទំនុកបំរុងឲ្យរៀនសូត្រ មានប្រាក់កាសចាយ មិនខ្វះ។ ថ្វីត្បិតតែអាជូ ជាក្មេងស្រី ដែលឆ្នាស់ឆ្នើម កាច និយាយមិនសូវស្តាប់គ្នា តែនាយខ្លា គេមិនប្រកាន់ទោសពៃអ្វីឡើង ហើយថែមទាំងមានកូនចិត្តលួចស្រឡាញ់នាងទៀតផង។ អាជូ នាងនៅតែមិនអាចបំភ្លេចរូបភាពដ៏ឈឺចាប់ ដែលឪពុករបស់នាយខ្លា ធ្វើឲ្យខ្លួនក្លាយជាក្មេងកំព្រា ទោះជានាយខ្លាព្យាយាមធ្វើល្អមកលើនាងច្រើនយ៉ាងណា។

តើចុងក្រោយ នាយខ្លា ដែលជាបងធំដ៏ល្បីក្នុងពិភពក្រុមអ្នកលេង និងអាជូ អាចប្រែជាបងធម៌មកក្លាយជាគូស្នេហ៍ជាមួយគ្នាបានដែរឬទេ បើគ្រួសាររបស់នាយខ្លា បានសាងរឿងដ៏ឈឺចាប់មកលើគ្រួសារអាជូបែបនេះ? ហើយជីវិតជាអ្នកលេង នឹងមានរសជាតិបែបណាខ្លះ សូមរង់ចាំទស្សនានៅក្នុងរឿង កំណើតខ្លា អំបូរនាគ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕






