សិស្សដែលបានដួលសន្លប់ទាំង២០នាក់ នៅវិទ្យាល័យភ្នំធំស្រុកមង្គលបុរី មានអាការៈធូស្បើយ បន្ទាប់ពីការពិនិត្យតាមដានរបស់គ្រូពេទ្យ
បន្ទាយមានជ័យ៖ សិស្សដែលបានដួលសន្លប់ទាំង២០នាក់នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបុរី បានធូស្បើយ ឡើងវិញហើយ បន្ទាប់ពីបានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី អោយដឹងថា៖ វេលាម៉ោងប្រមាណ ៩និង៣០ នាទី គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់ នៅវិទ្យាល័យភ្នំធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។
លោកអភិបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយនៅវេលាម៉ោង៩ និង៣០ ដោយអាកាសធាតុមានការក្តៅខ្លាំង ហប់ខ្យល់ទើបធ្វើឲ្យសិស្សដែលកំពុងតែរៀន មានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកក៏បានចុះទៅដល់ទីតាំងដើម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូទៅមន្ទីរពេទ្យ និងក្លីនីកក្បែរ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា៖ រហូតមកទល់ម៉ោង១២ថ្ងៃត្រង់នេះ សិស្ស ដែលបានដួលសន្លប់ទាំង២០នាក់នោះមានអាការៈធូស្បើយ នឹងសិស្សខ្លះបានត្រលប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហើយដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន ដែលអាចអនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ៕









ដោយ៖ បងម៉េង ខ្មែរណូត