បច្ចេកវិទ្យា

ខូចចិត្តទុកមុនអោយហើយទៅបើសិនជាអ្នកកំពុងតែទន្ទឹងចាំផ្លូវ Galaxy Note នៅឆ្នាំ២០២១នេះ ដោយសារវាអាចនឹងមិនមានវត្តមានលើទីផ្សារនោះទេ

BY
choung samrith
March 18, 2021

បើសិនជាអ្នកកំពុងទន្ទឹងរងចាំនូវ Samsung Galaxy Note ជំនាន់ថ្មីរបស់ Samsung ប្រហែលជាអ្នកកុំរំពឹងខ្ពស់ពេកដោយសារវាអាចនឹងធ្វើអោយអ្នកទាំងអស់គ្នាខកចិត្តបន្តិចហើយដោយសារវាអាចនឹងមិនមានវត្តមាននោះទេក្នុងឆ្នាំ២០២១​នេះ។ ក្នុងការប្រជុំម្ចាស់ភាគហ៊ុនក្រុមហ៊ុន Samsung នាយកប្រតិបត្តិ Koh Dong Jin បាននិយាយថាខ្លួនកំពុងពិចារណាក្នុងការកាត់ចេញនូវការផលិត Galaxy Note នៅក្នុងឆ្នាំ២០២១នេះ ដោយសារកង្វះការផ្គត់ផ្គង់បន្ទះឈីប នេះបើតាមការចុះផ្សាយរបស់គេហទំព័រ BloomBerg។

រឿងកង្វះបន្ទះឈីបនេះគឺជាបន្ទុកដ៏ធំមួយក្នុងការបញ្ចេញស្មាតហ្វូនកំពូល ២ម៉ូឌែលក្នុងមួយឆ្នាំ ហេតុនេះហើយទើបធ្វើអោយការដាក់បញ្ចេញលក់ Galaxy Note នៅចុងឆ្នាំនេះជារឿងដ៏ពិបាកមួយរបស់ Samsung។ ប៉ុន្តែការមិនមានវត្តមាននៅក្នុងឆ្នាំ២០២១នេះមិនមានន័យថាវានឹងលែងមានវត្តមាននៅពេលអនាគតបន្តទៀតនោះទេ វាអាចនឹងមានវត្តមានសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំក្រោយនេះ នេះបើតាមសម្តីរបស់ CEO Koh Dong Jin បានបញ្ជាក់បន្ថែមក្នុងការប្រជុំម្ចាស់ភាគហ៊ុន។

ការពន្យាក្នុងការដាក់បញ្ចេញនូវ Galaxy Note នេះគឺដើម្បីពង្រឹងសង្វាក់ផលិតកម្មរបស់ផលិតផល Samsung។ ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននោះផងដែរ លោក​ Koh Dong Jin បានបញ្ជាក់ថាកង្វះបន្ទះឈីបនេះហើយទើបធ្វើអោយប៉ពាល់យ៉ាងខ្លាំងដល់ផលិតផល Samsung។ លោកបានបន្តថា”អតុល្យភាពក្នុងការផ្គត់ផ្គង់នេះធ្វើអោយផលិតផលអេឡិចត្រូនិចទូទាំងពិភពលោកជាប់គាំង ហើយទោះបីក្នុងបរិបទបែបនេះក៏ដោយក្រុមហ៊ុន Samsung នឹងសហការជាមួយដៃគូរកស៊ីក្នុងការដោះស្រាយបញ្ហាមួយនេះអោយបានឆាប់ ទោះបីការដោយស្រាយអោយវាដំណើរការបានល្អ 100% ដូចដើមវិញវាពិបាកបន្តិចមែន។

ក្រុមហ៊ុនដៃគូមួយរបស់ Samsung គឺ Qualcomm ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីប Snapdragon ទៅកាន់ស្មាតហ្វូនកំពូលជាច្រើនរួមទាំង Samsung ផងនោះ បានលើកឡើងថា”កង្វះបន្ទះឈីបនៅក្នុងឆ្នាំនេះវាកំពុងគំរាមគំហែងដល់សង្វាក់ផលិតកម្មស្មាតហ្វូនទូទាំងពិភពលោក ហើយលោកក៏មិនរំពឹងថាវានឹងត្រឡប់មកដូចដើមវិញនោះទេរហូតដល់់ចុងឆ្នាំ២០២១នេះ នេះបើតាមសម្តីរបស់លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CNET។

តែទោះបីជាមុននឹងមានបញ្ហាបន្ទះឈីបកើតឡើងក៏ដោយ Samsung ក៏ធ្លាប់មានគម្រោងក្នុងការផ្អាកផលិតនូវ Galaxy Note ម្តងរួចមកហើយ ដោយក្រុមហ៊ុនចង់ផ្តោតទៅលើការអភិវឌ្ឍលើស្មាតហ្វូនអេក្រង់បត់របស់ខ្លួនដែលវាគឺជាអនាគតថ្មីក្នុងទីផ្សារស្មាតហ្វូននាពេលអនាគត។

ប្រភព៖ PCMAG

Share This Post: