ក្រសួងអប់រំ ចេញលិខិតស្តីបន្ទោស គ្រូបង្រៀនម្នាក់នៅវិទ្យាល័យអង្គតាសោម ដោយចូលរួមកម្មវិធីមានមនុស្សច្រើន ហើយមានអ្នកវិជ្ជមានកូវីដ១៩ ប៉ុន្តែនៅតែមកបង្រៀនសិស្សផ្ទាល់ក្នុងថ្នាក់
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតស្តីបន្ទោស លោក ម៉ៃ ថុនា ជាគ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តិកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះមានអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និងក្រោយមក បានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់។

ក្រសួងបានស្តីបន្ទោស លោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តិកំហុសឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន។
លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ០២ឆ្នាំ លើកលែងក្នុងរយៈពេលនោះសាមីខ្លួនបានប្រព្រឹត្តិខុសឆ្គងអ្វីមួយបន្ថែម។ ការស្តីបន្ទោសនេះ ត្រូវកត់ត្រាទុកក្នុងសំណុំលិខិតរបស់ខ្លួនសាមីខ្លួន៕
