ក្រុមអ្នកងប់នឹងល្បែង មិនខ្លាចញញើតការឆ្លងជំងឺកូវីដ១៩ ប្រមូលម្ដុំគ្នាលេងយ៉ាងសប្បាយ ត្រូវកម្លាំងចម្រុះខណ្ឌចំការមន ចុះបង្ក្រាបទាំងកណ្ដាលយប់ឃាត់ខ្លួនបុគ្គលិក និងអ្នកលេង ២០នាក់ (មានវីដេអូ)
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងល្បែងហ្គេម Slot Machines) ដែលមាន ឈ្មោះថា “ឃូលរីមិច” ទើបនិងបើកថ្មី សំបូរទៅដោយក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំចូលលេងយ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលដែលពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដ១៩យ៉ាងណា ក៏ក្រុមអ្នកញៀនទាំងនោះមិនខ្លាចញញើតនឹងជម្ងឺនេះឡើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់ ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ មានទាំងបុគ្គលិក និងអ្នកចូលលេង(ភ្ញៀវ) ។

ទីតាំងល្បែងស៊ីសង ខុសច្បាប់ដែលអាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាប កាលពីវេលាម៉ោង០១៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ មានឈ្មោះ “មជ្ឈមណ្ឌលកម្សាន្ត ឃូលរីមិច” ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្លូវមាស “Golden Street” ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌចំការមន បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ថេង សុថុន អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងសមាសភាពចូលរួមមាន លោកអភិបាលរង មន្ត្រីសាលាខណ្ឌ៣នាក់, កម្លាំងសណ្ដាប់ធ្នាប់ សាលាខណ្ឌ ២០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ចំនួន០២នាក់ មានលោក ផន អូន អធិការរង និង លោក មៀ ច ឈួន ស៊ី ម៉ូ លីន អធិការរង, កម្លាំងប៉ុស្តិ៍ទន្លេបាសាក់ ចំនួន២នាក់ មានលោក សាល សណ្ដុះ នាយប៉ុស្តិ៍ និង កម្លាំងនគរបាលប៉ុស្តិ៍, កម្លាំងកងរាជអាវុធខណ្ឌ ចំនួន០៣នាក់ សរុបជិត៣០នាក់ ។
ក្នុងការចុះបង្ក្រាបនេះ គេឃើញក្នុងទីតាំងសុទ្ធតែទូរហ្គេមរាប់សិបគ្រឿងមានហ្គេម បាញ់ត្រី , ទូរហ្គេម Slot Machines, ទូរហ្គេម កម្សាន្ត, និងហ្គេម តុក្កតា អេឡិចត្រូនិកជាច្រើនគ្រឿងទៀត តែអ្នកយកព័ត៌មានយើង មិនឃើញសមត្ថកិច្ចចាប់ដកហូត សម្ភារអ្វីឡើយ តែសមត្ថកិច្ចឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន២០នាក់ ក្នុងនោះមានជនជាតិចិន ៨នាក់ និងជនជាតិខ្មែរ ១២នាក់, ប្រុស១៦នាក់ មានភ្ញៀវចិន៧នាក់ និងខ្មែរ៩នាក់ ក្នុងនោះមានបុគ្គលិក៤នាក់ និងភ្ញៀវ ២នាក់, ស្រី៤នាក់ មានភ្ញៀវចិន ១នាក់ ភ្ញៀវខ្មែរ ១នាក់ និងបុគ្គលិក ២នាក់ ។ ហើយចំពោះទីតាំងខាងលើវិញ ត្រូវបានអាជ្ញាធរ បិទទ្វារចាក់សោរជាបណ្តោះអាសន្ន ។
បច្ចុប្បន្នមនុស្សទាំង២០នាក់ មានទាំងបុគ្គលិក និងអ្នកចូលលេង(ភ្ញៀវ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំចាត់វិធានការបន្ត ។
សូមបញ្ជាក់ថា ករណីស្លាប់កើនឡើងដល់៣ករណីហើយនៅកម្ពុជា ដោយសារជំងឺកូវីដ១៩ នេះជាសារដ៏ជាក់លាក់មួយ ដែលពញ្ញាក់ស្មារតីប្រជាពលរដ្ឋ កុំឲ្យភ្លេចពីការវាយលុកនៃជំងឺនេះ និងមិនត្រូវមើលស្រាលលើវាឡើយ។ ការជួបជុំ ការទៅកន្លែងមានមនុស្សច្រើន គប្បីបន្តផ្អាក។ ការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតពីគ្នា ក៏ត្រូវតែបន្តអនុវត្តដែរ ចំណែកឯរឿងសំខាន់មួយទៀត គឺការមិនចេញក្រៅផ្ទះ បើគ្មានការចាំបាច់ ៕











ដោយ៖ បងម៉េង ខ្មែរណូត