ស្ត្រីម្នាក់រត់ពីខេត្តព្រះសីហនុ មកសំងំលាក់ខ្លួនក្នុងផ្ទះនៅខេត្តកែប ក្រោយមកអាជ្ញាធររកឃើញមានវិជ្ជមានកូវីដ១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅក្នុងផ្ទះ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញរបស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំយកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធផ្ទាល់មានចំនួន៥នាក់ បានយកសំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ដោយមានការដាក់កម្លាំងការពារប្រចាំការយ៉ាងម៉ត់ចង់។ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ កំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩នេះបន្តទៀត៕
