បុរសម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា បានចម្លងមកប្រពន្ធ និងកូនម្នាក់របស់ខ្លួន នៅថ្ងៃនេះ !
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានអោយដឹងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមគ្រូពេទ្យ សហការជាមួយសមត្ថកិច្ចជំនាញ បានរកឃើញបុរសជនជាតិខ្មែរម្នាក់វ័យ ៤០ឆ្នាំ ដែលបានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ត្រូវបានយកសំណាកទៅធ្វើតេស្ត មានលទ្ធផលមានវិជ្ជមានកូវីដ-១៩។

លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បានបញ្ជាក់ថា បុរស់ម្នាក់ដែលផ្ទុកមេរោគកូវីដ-១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានវ័យប្រមាណ៤០ឆ្នាំ ដែលបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ។
បច្ចុប្បន្នបុរសរូបនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ ប៉ុន្តែ នៅថ្ងៃទី២២ ខែមីនានេះ លទ្ធផលធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធជាច្រើនដោយឡែកមានវិជ្ជមានកូវីដ-១៩ផងដែរចំពោះប្រពន្ធ និងកូនប្រុសរបស់គាត់ម្នាក់អាយុ១៣ឆ្នាំទៀត។
ដូចនេះអ្នកទាំងពីរ ក៏ត្រូវបានកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺ covid-19 សរុបចំនួន ១,៧៧៥៣នាក់, ព្យាបាលសះស្បើយចំនួន ៩៦៧នាក់, កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន ៧៨១នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល
