សិល្បៈ

លំអិតករណីទី៥ មរណភាពដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាម្តាយតារាកំប្លែងស្រីពីន ក្នុងក្រុមកំប្លែងនាយក្រឹម

BY
Khmernote Media
March 23, 2021

បើតាមលិខិតជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា មានករណីមរណភាពអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយដែលជាករណីទី៥នៅកម្ពុជា លើស្ត្រីជនជាតិខ្មែរ អាយុ៦២ឆ្នាំ និងគេស្គាល់ថាជាម្តាយរបស់តារាកំប្លែងស្រីពីន ក្នុងក្រុមកំប្លែងនាយក្រឹម។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានអោយដឹងទៀតថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺរូបនេះមានអាការហត់ នឹងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

ការពិនិត្រសុខភាព និងថតសួតបានឃើញថាអ្នកជំងឺបានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង (ដោយមានអាការហត់ ២-៣ថ្ងៃមុនចូលមកសម្រាកព្យាបាល ព្រមទាំងមានជំងឺធាត់មួយកម្រិតទៀតផងដែរ) លុះថ្ងៃទី២១ ដដែលក្រុមគ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗ ជាអកុសលមិនអាចជួយសង្គ្រោះបាន គាត់ក៏បានទទួលមរណភាព នៅវេលាម៉ោង ០៥:៤០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕

Share This Post: