ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលច្រានចោលការលើកឡើងរបស់មនុស្សមួយចំនួនដែលចោទថា ករណីកូវីដ-១៩ គឺជាការសម្តែង

    BY Khmernote Media March 23, 2021
    ក្រសួងសុខាភិបាលច្រានចោលការលើកឡើងរបស់មនុស្សមួយចំនួនដែលចោទថា ករណីកូវីដ-១៩ គឺជាការសម្តែង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាលបានច្រានចោលការលើកឡើងរបស់មនុស្សមួយចំនួនដែលថាករណីជំងឺកូវីដ-១៩គឺជាការសម្តែង បើទោះបីមានអ្នកស្លាប់ដោយសារជំងឺដ៏កាច​សាហាវនេះ​ក៏ដោយ។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន បានជឿតាមការឃោសនាអកុសលរបស់ជនខិលខូច ដែលបានចោទលើរាជរដ្ឋាភិបាលចំពោះករណីកូវីដ-១៩គឺជាការសម្ដែង ផ្នែកនយោបាយ បើទោះជាមានអ្នកស្លាប់ជាបន្តបន្ទាប់ក៏ដោយ។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ថា គ្មានរដ្ឋាភិបាលណា យកអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួនមកលេងសើចនោះទេ ខណៈដែលករណីនេះគឺបានកើតឡើងនៅទូទាំងសកលលោក និង បណ្តាប្រទេសដែលជាប់នឹង​កម្ពុជាក៏មានករណីបែបនេះដែរ។ ហេតុដូចនេះលោកជំទាវវេជ្ជបណ្ឌិត សុំឱ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាដែលមិនពិត ដែលធ្វើឱ្យពលរដ្ឋទាំងអស់ភ្លេចភ្លាំង មិនបានអនុវត្តន៍តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដែលនាំឱ្យមាន ការឆ្លងនូវវីរុសកូវីដបំប្លែងខ្លួនថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ។

    សំឡេង៖« ពីព្រោះបច្ចុប្បន្ននេះមានបងប្អូនយើងមួយចំនួន ទោះបីជាមានការឆ្លងទៅដល់ខេត្តសៀមរាប ក៏មានអ្នកខ្លះ លើកឡើងថា កុំទៅជឿធ្វើអីនេះមិនមែនពិតប្រាកដនោះទេ ហើយក៏មិនមែនជាការឆ្លងនៃវីរុសកូវីដ-១៩ពិតប្រាកដទេ គឺគ្រាន់តែជាការរៀបចំឡើង។ ដូចនេះ តើការស្លាប់បាត់បង់ជីវិតនេះ គឺជាការរៀបចំឡើងឬយ៉ាងណា អ៊ីចឹងយើងត្រូវគិត ព្រោះនេះគឺជាអាយុជីវិតរបស់មនុស្សមិនមែនជាការលេងសើច ដូចបងប្អូនរបស់យើងមួយចំនួនគាត់យល់ខុស យល់ច្រឡំ ដែលគាត់ជឿទៅតាមការឃោសនាអកុសល ។

    ដូច្នេះខ្ញុំសូមអង្វរយ៉ាងទទូចសូមបងប្អូនរបស់យើងទាំងអស់ សូមចូលរួមតាម យុទ្ធនាការ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះលោកលំបាកណាស់ក្នុងការគិតគូរចាត់​ចែងធ្វើយ៉ាងណា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋលោកអាចផុតអំពីការការវ៉ៃលុកនៃវីរុសកូវីដ-១៩នេះ ប៉ុន្តែដោយឡែកនៅសល់អ្វី គឺនៅសល់ឡើយតែការអនុវត្តរបស់យើង​ទាំងអស់គ្នាតែប៉ុណ្ណោះ​»។

    លោកជំទាវវេជ្ជបណ្ឌិត បន្តក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ កុំមានជួបជុំគ្នា គឺជារឿងចាំបាច់បំផុតដែលយើងត្រូវរួមគ្នាអនុវត្តន៍ ដើម្បីកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ទៀតបានជាអតិបរមា ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន៧៨៣នាក់, ស្លាប់ចំនួន៥នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: