ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រលាញ់គ្នាជិត៣ឆ្នាំ ខាងប្រុសតែងលួចលេងឆាតជាមួយនារីផ្សេងក្នុងហ្វេសប៊ុក ចុងក្រោយសុំនាងបែកគ្នា ដោយកុហកថា គ្រួសារមិនពេញចិត្ត ធ្វើឲ្យនារីរូបស្រស់គិតខ្លី សំណាងគេជួយទាន់

    BY Khmernote Media March 26, 2021
    ស្រលាញ់គ្នាជិត៣ឆ្នាំ ខាងប្រុសតែងលួចលេងឆាតជាមួយនារីផ្សេងក្នុងហ្វេសប៊ុក ចុងក្រោយសុំនាងបែកគ្នា ដោយកុហកថា គ្រួសារមិនពេញចិត្ត ធ្វើឲ្យនារីរូបស្រស់គិតខ្លី សំណាងគេជួយទាន់

    រាជធានីភ្នំពេញ៖ ស្រលាញ់គ្នាជិត៣ឆ្នាំ គ្រួសារខាងប្រុសមិនពេញចិត្ត ហើយកុហកថាតាមគ្រួសាររួចមកសុំបែកគ្នាទៀត ធ្វើឲ្យនារីរូបស្រស់ម្នាក់តូចចិត្តតូចថ្លើម មិនគួរណាមនុស្សប្រុសបោកប្រាស់ដូច្នេះ ទាល់គំនិតគិតខ្លី លែងចង់រស់នៅលើលោកនេះទៀត ក៏ហៅកង់បីឥណ្ឌា ជិះមកឈប់លើស្ពាន រួចក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនចូលទន្លេបាត់ បន្សល់តែកាបូបខ្មៅមួយ និងស្បែកជើងមួយគូ នៅលើស្ពានជ្រោយចង្វារ តែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីទាបភ្លឺ ចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារថ្មី) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់ក្រុមការងារខ្មែរណូតយើងថា មានស្ត្រីម្នាក់មិនដឹងមានវិបត្តអ្វីនោះទេ ទើបបានជាសុញគំនិតគិតខ្លី បានជិះកង់បីឥណ្ឌាមួយគ្រឿង មកឈប់នៅលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ទើបបងប្អូនអ្នកសារព័ត៌មានជាច្រើន បានចុះទៅយកព័ត៌មាននេះ លុះពេលទៅដល់កន្លែងកើតហេតុ គឺស្ថិតក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមិនឃើញជនរងគ្រោះឡើយ គឺឃើញតែស្បែកជើងប៉ាតាមនុស្សស្រីមួយគូប៉ុណ្ណោះ និងកាបូបខ្មៅ អត់ខ្សែនៅក្បែរគ្នា ដែលសន្ឋិដ្ឋានថា ទំនងជាជនរងគ្រោះដោះស្បែកជើង រួចជើងឡើងជាន់លើ និងដៃតោងបង្កាន់ដៃស្ពានជ្រោយចង្វារនោះ រួចលោតចូលទៅក្នុងទន្លេបាត់តែម្ដង។

    ក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះទៅផ្សាយផ្ទាល់ និងថតរូបភាពនៅជុំវិញនៅកន្លែងកើតហេតុ ដើម្បីយកទៅផ្សព្វផ្សាយរៀងៗខ្លួន ដើម្បីជាការចែករំលែកព័ត៌មាននេះ ក្រែងលោ មានសាច់ញាតិ ឬបងប្អូនមិត្តភ័ក្តអ្នកចំណាំស្បែកជើងឬកាបូបខាងលើនេះបាន និងអាចជួយទំនាក់ទំនងទៅកាន់សាច់ញាតិផង ហើយនៅកន្លែងកើតហេតុ គេមិនឃើញសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋានខណ្ឌដូនពេញណាម្នាក់ចុះទៅកន្លែងកើតហេតុឡើយ។

    បន្តិចក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលមួយថា ប្រទះឃើញនារីម្នាក់អង្គុយយំនៅក្រោមស្ពានជ្រោយចង្វារ ទើបបងប្អូនអ្នកសារព័ត៌មានដដែលបានបន្តទៅជួយរកមើល ឃើញនារីម្នាក់ ដែលឈរនៅក្រោមស្ពាន ដោយសម្លៀកបំពាក់ សើម ខ្លួនប្រាណប្រលាក់ ដី និងមានរបួសដៃទៀត ទើបនាំគ្នាចូលទៅសួរនាំដោយដំបូងនារីរងគ្រោះ បដិសេធន៍ថា មិនបានលោតឡើយ ដោយមិនចង់លាក់បាំងរូបនាងបានឆ្លើយប្រាប់នៅចំពោះមុខក្រុមអ្នកសារព័ត៌មានយើងថា រូបនាងមានឈ្មោះ អាណា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ហើយមូលហេតុដែលខ្លួនមកលោតទឹកសម្លាប់ខ្លួននេះ គឺដោយសារតែតូចចិត្តជាមួយបុរសដែលជាសង្សារបានស្រលាញ់គ្នាជិត៣ឆ្នាំមកហើយ តែមួយរយៈក្រោយនេះរូបនាងបានតាមទាន់ឃើញសង្សាររបស់នាងតែងតែលេងឆាតជាមួយនារីផ្សេងទៀតក្នុងហ្វេសប៊ុក និងប្រាប់នាងថា ក្រុមគ្រួសារសង្សារខាងប្រុសមិនពេញចិត្តនឹងនាងទេ ហើយសង្សាររបស់នាងក៏បានកុហកនាងថា តាមគ្រួសាររួចមកសុំនាងបែកគ្នាទៀត ធ្វើឲ្យនារីរូបនាងតូចចិត្តតូចថ្លើម មិនគួរណាមនុស្សប្រុសបោកប្រាស់ដូច្នេះ ហើយនាងទាល់គំនិតគិតខ្លី លែងចង់រស់នៅលើលោកនេះទៀត ក៏ហៅកង់បីឥណ្ឌាមួយគ្រឿង ជិះមកឈប់លើស្ពាន រួចដោះស្បែកជើង និងកាបូប ទុកចោលលើចិញ្ចើមស្ពានហើយក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនចូលទន្លេបាត់។

    នារីដែលគិតខ្លីលោតទឹកហើយមិនស្លាប់ នោះបានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅពេលលោតចូលទន្លេ នាងមិនដឹងខ្លួនឡើយ តែពេលដឹងខ្លួននាងបើកភ្នែកមកឃើញបងប្អូនប្រជានេសាទដែលនៅក្រោមស្ពាន បានចេញទូកជួយសង្គ្រោះស្រង់នាងឡើងលើទូកទាន់ពេល រួចជួយយកមកច្រាំងក្រោយ បារចតុមុខ ដើម្បីរងចាំទាក់ទងរកសមត្ថកិច្ច តែនាងក៏ដឹងខ្លួនហើយ អរគុណអ្នកដែលបានជួយនាង ហើយក៏ដើរត្រលប់មកគល់ស្ពានវិញ តែម្ដង ផ្អើលដល់អ្នកសារព័ត៌មាន ចុះទៅសួរនាំ លួងលោម បានមួយសន្ទុះ ស្រាប់តែម្ដាយរបស់នាងក៏បានមកដល់ ស្រក់ទឹកភ្នែកអាណិតកូន មិនគួរណាគិតខ្លីបែបនេះឡើយ។

    ហើយក្រុមអ្នកសារព័ត៌មានយើងក៏បានផ្ដាំផ្ញើនិងជួយណែនាំឱ្យបញ្ឈប់ការធ្វើអត្តឃាតទាំងរូបកាយនៅស្រស់ស្អាតនិងក្មេងខ្ចីបែបនេះតទៅទៀត នាងក៏បានសន្យាថា នាងលែងធ្វើអត្តឃាតទៀតហើយ ។ បច្ចុប្បន្នក្រោយពេលកើតហេតុ ស្ត្រីជាម្ដាយបាននាំកូនស្រីរបស់គាត់ ឡើងជិះកង់បីឥណ្ឌា ត្រលប់ទៅផ្ទះវិញផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: