អ្នកធ្លាប់ចូល គ្លីនិកអប្សរាភ្នំពេញ ចន្លោះម៉ោង ៤-៥:៣០នាទីល្ងាចថ្ងៃទី១៩-២០ ខែមីនា បើមានអាការៈមិនស្រួលខ្លួន ប្រញាប់ទៅធ្វើតេស្តភ្លាម
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលទៅ គ្លីនិកអប្សរាភ្នំពេញ ដែលមានទីតាំងនៅផ្ទះលេខ ៣៩ ផ្លូវ ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ចន្លោះម៉ោង ៤ល្ងាច ទៅម៉ោង ៥:៣០នាទីល្ងាចនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលគ្លីនិកអប្សរាភ្នំពេញ ចន្លោះម៉ោង ៤ល្ងាច ទៅម៉ោង ៥:៣០នាទីល្ងាចនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឬប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកគ្លីនិកខាងលើ សូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃ និងពាក់ម៉ាសជាប្រចាំ។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
