ទំនេរអត់ការងារធ្វើដើរគប់កញ្ចក់រថយន្តតាមដងផ្លូវ ត្រូវសមត្ថកិច្ចក្របួចជាប់
បាត់ដំបង ៖ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ វាន់ ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនាគប់កញ្ចក់រថយន្ត ដែលបើកបរលើដងផ្លូវ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់ដុំថ្មគប់កញ្ចក់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2723 បែកកញ្ចក់ទ្វាររថយន្តផ្នែកខាងស្ដាំក្នុងខណៈរថយន្តនេះកំពុងបើកបរលើដងផ្លូវ ប៉ុន្តែមិនបណ្តាលឱ្យមានរបួសស្នាមដល់មនុស្សឡើយ។ នៅក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ា សេង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងចូលទៅសមត្ថកិច្ចនគរបាលមូលដ្ឋានពីករណីនេះហើយឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់បានពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនបានតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែម្នាក់ឯង ហើយតែម្តងគត់ដែលបានយកដុំថ្មគប់ទៅលើរថយន្តនៅទីកន្លែងកើតហេតុនោះប្រាកដមែន ហើយចំពោះមូលហេតុដែលខ្លួនគប់នេះ គឺដោយសាររថយន្តនោះបើកភ្លើងភ្លឺធ្វើឱ្យចាំងភ្នែក។ ទោះជាយ៉ាងណានេះគឺជាការលើឡើងរបស់ជនសង្ស័យតែប៉ុណ្ណោះ ក៏ប៉ុន្តែសមត្ថកិច្ចរួមទាំងអ្នកធ្វើដំណើរនៅពេលយប់ឆ្លងកាត់មូលដ្ឋាននេះបានបង្ហាញថា មានករណីគប់កញ្ចក់រថយន្តផ្សេងទៀតនៅទីនោះនាពេលកន្លងមក។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកការិយាល័យជំនាញដើម្បីចាត់ការបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ