ឃាត់ខ្លួនជនទំនេរអត់ការងារធ្វើ ៣នាក់ ដែលបានធ្វើសកម្មភាពបំផ្លាញរថយន្តស៉ីរ៉ែនពេទ្យដឹកអ្នកជម្ងឺ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទីមានករណីក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ បានកាប់បំផ្លាញរថយន្តស៉ីរ៉ែនពេទ្យដឹកអ្នកជម្ងឺ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឱ្យដាច់ថ្នាំឡាន កំពិតទ្វាខាងស្តាំ និងបែកកញ្ចក់ខាងមុខ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ៖ ១-ឈ្មោះ ខេង វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ២-ឈ្មោះ ខេង សុឃីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ៣-ឈ្មោះ ឈូន វីរះ ហៅ ម៉ូវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
