ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តស្តារិចបើកលឿន ជ្រុលបុកឡើងកល់ជាប់លើខឿនសួនពុះចែកផ្លូវ ហើយម្ចាស់រថយន្តប្រុងសណ្ដោងចេញ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ទាន់

    BY Khmernote Media March 28, 2021
    រថយន្តស្តារិចបើកលឿន ជ្រុលបុកឡើងកល់ជាប់លើខឿនសួនពុះចែកផ្លូវ ហើយម្ចាស់រថយន្តប្រុងសណ្ដោងចេញ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ទាន់

    រាជធានីភ្នំពេញ ៖ រថយន្តស្តារិចមួយគ្រឿង បោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបុកឡើងលើខឿនសួនពុះចែកផ្លូវ ចំណែកឯរថយន្តបង្កបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងខូចខាតដើមឈើតូចៗ ដែលដាំលំអរលើសួនច្បារអស់ជាច្រើនដើម តែអ្នកបើកបរហៅរថយន្តមករៀបចំចងខ្សែបម្រុងសណ្ដោងចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់រថយន្តតែម្ដង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    អ្នកដំណើរដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-4685 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបុកឡើងលើខឿនសួនពុះចែកផ្លូវ ចំណែកឯរថយន្តបង្កបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងខូចខាតដើមឈើតូចៗ ដែលដាំលំអរលើសួនច្បារអស់ជាច្រើនដើម តែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ។ ប្រភពដដែលបន្តថា ភ្លាមៗនោះគេឃើញអ្នកបើកបរបានទាក់ទងហៅរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿងទៀត មកកន្លែងកើតហេតុ ប្រញាប់ប្រញាល់ចងខ្សែបម្រុងសណ្ដោងរថយន្តបង្ក ចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ ចុះមកឃាត់រថយន្តតែម្ដង។

    សូមបញ្ជាក់ថា នៅចំណុចកើតហេតុ ផ្លូវងងឹតមិនមានភ្លើងបំភ្លឺផ្លូវឡើយ ហើយខឿនសួនច្បារពុះចែកផ្លូវនោះ ក៏មិនមានដាក់ចំណាំងផ្លាតអ្វីដែរ គាប់ជួនរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មើលមិនឃើញសួនច្បារពុះចែកផ្លូវ ទើបជ្រុលទៅបុកឡើងកល់ជាប់លើសួនច្បារពុះចែកផ្លូវនោះតែម្ដង ។

    បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍កាកាបទី១ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់អោយខាងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: