បុរសម្នាក់ស្រវឹងស្រាចូលអុកឡុកក្នុងមណ្ឌលចត្តាឡីស័កត្រូវនគរបាលស្រុកថ្មគោលឃាត់ខ្លួន
បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាហើយបានចូល ទៅបង្កអំពើហិង្សាក្នុងមណ្ឌលចត្តាឡីស័កដោយបានវាយទៅលើកងកម្លាំងយាមប្រចាំការនៅទៅនោះ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី បង្កដោយជនសង្ស័យ១នាក់ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ។

នគរបាលស្រុកថ្មគោលបានរាយការណ៍ អោយដឹងថា ជនសង្ស័យ ឈ្មោះ ផែ គឹមសែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាស្រវឹងចូលទៅក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ដោយគ្មានការអនុញ្ញាត ពេលកម្លាំងប្រចាំការហាមឃាត់ ជនសង្ស័យក៏បានវាយទៅលើកងកម្លាំងយោធាឈ្មោះ អ៊ុម សំខាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ចំនួន០១ដៃ បណ្តាលអោយរងរបួសត្រង់ថ្ពាល់ខាងឆ្វេង។ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ