អាជ្ញាធរខេត្តកណ្ដាលចុះបិទអាជីវកម្មខារ៉ាអូខេ ៤៤៤៤ បណ្តោះអាសន្ន ក្រោយលួចលាក់បើកដំណើរការអាជីវកម្ម
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមបងជួយខារ៉ាអូខេក្រោយសាលាបារគូបើករហូតខ្លាចកូវីដណាស់។

ក្រោយទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការនិងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ ចុះស្រាវជ្រាវទីតាំងខាងលើដែលប្រជាពលរដ្ឋបានរាយការណ៍។
ជាលទ្ធផល៖ នៅថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ សហការជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះទៅដល់ទីតាំងហាងខារ៉ាអូខេ ដែលមានឈ្មោះ ៤៤៤៤ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបារគូ ក្នុងដីភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ពិនិត្យឃើញថា ពិតជាមានការលួចលាក់បើកដំណើរការអាជីវកម្មពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរការអាជីវកម្ម បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province