ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលទៅលូកស្ទាបអង្អែលជើងប្រពន្ធគេ កំពុងដេកលង់លក់ជាមួយប្ដីក្នុងបន្ទប់ ទាំងយប់អាធ្រាត្រ នាងភ្ញាក់ស្រែកផ្អើលគេជួយដេញចាប់បានក៏ឆ្លើយថា “ខ្ញុំដេកមមើ”

    BY Khmernote Media April 4, 2021
    ចូលទៅលូកស្ទាបអង្អែលជើងប្រពន្ធគេ កំពុងដេកលង់លក់ជាមួយប្ដីក្នុងបន្ទប់ ទាំងយប់អាធ្រាត្រ នាងភ្ញាក់ស្រែកផ្អើលគេជួយដេញចាប់បានក៏ឆ្លើយថា “ខ្ញុំដេកមមើ”

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួលជិតគ្នាជួយដេញចាប់ទំរាំបាន បន្ទាប់ពីដើរចូលទៅក្នុងបន្ទប់យកដៃលូកស្ទាបរាវអង្អែលជើងប្រពន្ធគេ កំពុងដេកលង់លក់ក្នុងបន្ទប់ពីរនាក់ប្ដីប្រពន្ធ បណ្តាលឲ្យភ្ញាក់ឡើងស្រែកឆោឡោផ្អើលគេជួយដេញចាប់បាន ក៏ឆ្លើយថា “ខ្ញុំដេកមមើ” កាលពីវេលាម៉ោង០១:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយបុរីរុងរឿង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ម៉ក់ ម៉ុណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមផ្ទះគេ នៅម្តុំសង្កាត់អូរបែកក្អម មានស្រុកកំណើតឃុំទួលពង្រ ស្រុកទំនប់ដាច់ ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រី មុំ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    តាមសម្ដីរៀបរាប់របស់នារីរងគ្រោះបាន ប្រាប់ឲ្យក្រុមការងារខ្មែរណូតថា ដំបូងឡើយគាត់នឹងប្ដីរបស់គាត់បានដេកនៅក្នុងបន្ទប់ជាកន្លែងកើតហេតុខាងលើ ដោយមិនបានបិទទ្វារឲ្យជិតនោះទេ គឺចំហរទ្វារពាក់កណ្ដាលដើម្បីឲ្យខ្យល់ចេញចូល ពីព្រោះក្តៅស្អុះពេក ខណៈដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ មិនដឹងមកពីណា បែរជាចូលទៅអង្គុយក្បែរគាត់ ហើយលូកដៃស្ទាបរាវជើងគាត់ ធ្វើអោយគាត់ភ្ញាក់ព្រឺត ស្រែកផ្អើលទាំងកណ្ដាលយប់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ស្ទុះរត់ចេញពីបន្ទប់បម្រុងគេចខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជិតខាង ភ្ញាក់ពីដំណេកជួយដេញចាប់ប្រផាប់ប្រភីង រហូតទាល់តែឃាត់ខ្លួនបាន រួចនាំមកកន្លែងកើតហេតុវីញ ដើម្បីសួរនាំក៏ឆ្លើយថា “ខ្ញុំដេកមមើ” តែទោះបីជាយ៉ាងណាខាងម្ចាស់បន្ទប់ជួលទាក់ទងទៅខាងសមត្ថកិច្ចឲ្យមកយកជនសង្ស័យទៅប៉ុស្តិ៏ដើម្បីសួរនាំ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ យកទៅសួរនាំ និងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: