ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ស្នើឲ្យត្រៀមរៀបចំដាក់អ្នកជំងឺកូវីដស្រាល ព្យាបាលនៅតាមផ្ទះ ដោយសារករណីឆ្លងមិនថមថយ

    BY Khmernote Media April 6, 2021
    សម្តេចតេជោ ស្នើឲ្យត្រៀមរៀបចំដាក់អ្នកជំងឺកូវីដស្រាល ព្យាបាលនៅតាមផ្ទះ ដោយសារករណីឆ្លងមិនថមថយ

    នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាមបានឲ្យដឹងថា សម្តេចតេជោបានស្នើឲ្យមានការត្រៀមរៀបចំដាក់អ្នកជំងឺកូវីដស្រាល ឲ្យធ្វើការព្យាបាលនៅតាមផ្ទះ ក្នុងករណីព្រឹត្តិការណ៍ ២០កុម្ភៈ មិនថមថយ។

    សម្តេចតេជោបានបញ្ជាក់ទៀតថា យើងត្រូវរៀបចំក្រុមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឲ្យហើយស្រេច ហើយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីជារៀបចាំមន្ទីរពេទ្យប៉ុន្មានទៀតក៏នៅតែមិនគ្រប់ដែរ ហើយវិធីដោះស្រាយ មានតែទុកអ្នកដែលវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឲ្យបានច្បាស់។

    ការវិនិច្ឆ័យនោះ តាមយោបល់របស់សម្តេចតេជោ បានលើកឡើងថា “អ្នកដែលត្រូវទុកតាមផ្ទះ ជាអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន ប៉ុន្តែប្រសិនជាអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ ត្រូវយកមកមន្ទីរពេទ្យ ហើយបើផ្ទះរបស់អ្នកជំងឺមានទំហំតូចអាចឆ្លងមកក្រុមគ្រួសារ ក៏ត្រូវយកមកមន្ទីរពេទ្យដែរ”៕

     

    Share This Post: