ព័ត៌មានជាតិ

ស្ពានព្រះមុនីវង្សចាស់នឹងត្រូវបិទធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីជួសជុលសារឡើងវិញ

BY
srey nuch
April 8, 2021

រាជធានីភ្នំពេញ៖ ស្ពានព្រះមុនីវង្សចាស់ត្រូវបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង០៨៖០០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីជួសជុលកម្រាលស្ពានដោយត្រូវកាយបកកៅស៊ូ ចាស់ចេញរួចអ៊ុតកៅស៊ូថ្មីនេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពីការជួសជុលស្ពានព្រះមុនីវង្ស ចាស់ឆ្លងកាត់ទន្លេបាសាក់ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ បានបញ្ចប់ការជួសជុលកម្រាលថ្មើរជើងបង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញដោយដំឡើងបង្គោលភ្លើងបំភ្លឺ ផ្លូវថ្មីជំនួសវិញ។

ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពានដោយត្រូវកាយបកកៅស៊ូចាស់ចេញរួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះ ចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ជ្រាបជាព័ត៌មាននិងចូលរួមសហការអនុវត្ត ដោយត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរ ទ្វេទិសជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរ លើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: