ព័ត៌មានជាតិ

រមណីយដ្ឋានអង្គរមានភាពស្ងប់ស្ងាត់ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចឱ្យផ្អាកដំណើរការ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

BY
srey nuch
April 8, 2021

តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ចាប់ពីមេរោគកូវីដ១៩ បានឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជាមក ចំនួនភ្ញៀវទេសចរ ដែលមានទស្សនាតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌដ៏អស្ចារ្យមួយនេះ បានចាប់ផ្តើម​ថយចុះជាបន្តបន្ទាប់ ទោះជាយ៉ាងនេះក្តី ក៏នៅមានភ្ញៀវទេសចរជាតិខ្លះបានមកកម្សាន្ត នៅទីនេះ។

ប៉ុន្តែរហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅ ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ គឺគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១មក ឃើញថា តំបន់រមណីយដ្ឋានអង្គរ គឺមានភាពស្ងប់ស្ងាត់ ទាំងភ្ញៀវទេសចរ និងអ្នកលក់ដូរ។

នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្ននេះ មាន​តែមន្រ្តីអាជ្ញាធរជាតិអប្សរាដែលបាន​បម្រើការងារផ្នែកផ្សេងៗ និងការពារនៅតំបន់នោះតែប៉ុណ្ណោះ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានជូនដំណឹងពីការសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រ ចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: