ស្គាល់គ្នាតាម TikTok ៧ថ្ងៃសោះ, ខាងស្រីនាំប្រុសថ្មី មកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយទឹកភ្នែក
រាជធានីភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង ដោយស្រ្តីម្នាក់មានប្តីមានកូនដល់ទៅ២នាក់ហើយ បានជាប់សង្ស័យលួចលាក់ផឹតក្បត់ យកប្រុសមកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមយកលួសមកចងទ្វារ រាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលជាន់ទី២ ផ្ទះលេខ២៨B បន្ទប់លេខB-28 ស្ថិតភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ព អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រដូចគ្នា បានរៀបការនិងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ មានកូនប្រុសស្រី នៅក្នុងបន្ទុកពីរនាក់ ។
ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះ មកធ្វើការរោងចក្រ នៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ មួយរយៈពេល ១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹច រត់ចោលរូបគាត់ រស់នៅបន្ទប់ជួលផ្សេង។
ក្រោយមករូបគាត់ជាប្ដី បានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេង ក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយអាទិត្យ ដោយមានការសង្ស័យ បានលួចដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើល ក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេង មនុស្សប្រុសទើបដឹងថា ប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែក ចងទ្វារជាប់មិនចេញទៅណាទេ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។
បើតាមការរៀបរាប់ ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការ ជាមួយប្ដីមក គ្រួសារខាងប្តី តែងតែ មើលងាយ មើលថោករូបគាត់ជារើយៗ តែគាត់មិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នា ជាមួយប្តីជាញឹកញាប់ផងដែរ ក្រោយមករូបគាត់ បានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញ ពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង ដោយមិនបានប្រាប់ប្តី ។ ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯង រូបគេក៏មានទំនាក់នំនងជាបុរសម្នាក់តាមរយៈបណ្ដាញសង្គម TikTok ជាមួយគ្នា រយៈពេលមួយ អាទិត្យ ហើយបានហៅបុរសខាងលើ មកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នប្ដីប្រពន្ធនិងប្រុសដែលជាប់សង្ស័យជាសាហាយ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នាំខ្លួនយកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធី ៕









ដោយ៖ បងម៉េង ខ្មែរណូត