ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃវត្តចាក់អង្រែក្រោម ២២អង្គ និមន្តចាក់វ៉ាក់សាំង SINOVAC លើកទី១ ការពារជំងឺកូវីដ១៩ នៅបឋមសិក្សាសន្សំកុសល ខណ្ឌមានជ័យ

    BY Khmernote Media April 9, 2021
    ព្រះសង្ឃវត្តចាក់អង្រែក្រោម ២២អង្គ និមន្តចាក់វ៉ាក់សាំង SINOVAC លើកទី១ ការពារជំងឺកូវីដ១៩ នៅបឋមសិក្សាសន្សំកុសល ខណ្ឌមានជ័យ

    រាជធានីភ្នំពេញ៖ ព្រះសង្ឃ ចំនួន២២អង្គ និមន្តមកពីវត្តចាក់អង្រែក្រោម ក្រោមការដឹកនាំ និមន្តដោយ ព្រះតេជគុណខន្តិមុនី គឹម នី ព្រះចៅអធិការវត្តចាក់អង្រែក្រោម បាននិមន្តចូលរួមចាក់វ៉ាក់សាំង SINOVAC ដើម្បីបង្ការ និងទប់ស្កាត់ ការការពារ ការឆ្លងរីករាលដាលការឆ្លងនៃជំងឺ COVID-19 នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ដែលទីតាំងចាក់វ៉ាក់សាំងនេះស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ក៏បានលើកឡើងថា នេះជាការគិតគូរពីថ្នាក់ដឹកនាំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំអោយមានការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យយើងផងដែរ។ ក្នុងនោះដែរ លោកចៅសង្កាត់ បានបញ្ជាក់ថា ព្រះសង្ឃចំនួន២២អង្គ ក្នុងចំណោមព្រះសង្ឃ២៧អង្គ ដែលគង់នៅវត្តចាក់អង្រែក្រោម បាននិមន្តចូលរួមចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី០៩ ខែមេសានេះ ដោយឡែកព្រះសង្ឃចំនួន៥អង្គទៀត មិនបាននិមន្តមកចាក់វ៉ាក់សាំង ដោយសារតែនិមន្តទៅប្រលង ហើយនៅរសៀលថ្ងៃដដែលនេះ ទើបនិមន្តទៅសាក់វ៉ាក់សាំងបន្តទៀត។

    តំណាងគណៈកម្មការវត្តចាក់អង្រែក្រោម លោក ម៉ែន ស៊ីថា ក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យសម្ដេចតេជោ រដ្ឋបាលខណ្ឌមានជ័យ ចំពោះការរៀបចំតាមវិធានការណ៍ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ និងបានថ្លែងអំណរគុណសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងនោះដោយមានការសម្របសម្រួលរបស់រដ្ឋបាលខណ្ឌមានជ័យ បាននិមន្តព្រះសង្ឃវត្តចាក់អង្រែក្រោម ចូលរួមចាក់វ៉ាក់សាំងលើកទី១ ការពារកូវីដ១៩ដ៏កាចសាហាវនេះ ។

    សូមជម្រាបថា អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ ដែលកម្ពុជាបានប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍មានវិសាលភាពទូលំទូលាយជាងព្រឹត្តិការណ៍មុនៗ។ រហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនត្រឹមតែបានឆ្លងរាលដាលដល់រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែវាថែមបានឆ្លងរាលដាលដល់បណ្ដាខេត្តផ្សេងទៀតផងដែរ។ ដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែធំទៅៗ ។

    រដ្ឋបាលខណ្ឌមានជ័យសូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី ដោយអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំជាពិសេសអនុវត្តតាមវិធាន៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: