អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារចំនួន៨ទីតាំង ក្នុងក្រុងបាត់ដំបងរយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
ខេត្តបាត់ដំបង៖ យោងតាមសារលិខិតរបស់ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្នរួមមាន ផ្សារធំបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្បរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ ដោយអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេនខាងក្រៅផ្សារដូចជា៖

បន្លែ ត្រី សាច់ គ្រឿងឧបភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តវិធានការសុខាភិបាលក្នុងការរក្សារគម្លាតសង្គម គម្លាតបុគ្គល ពាក់ម៉ាស់លាងដៃ។ ការបិទផ្នែកខាងក្នុងផ្សារមានរយៈពេល៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ។
រដ្ឋបាលក្រុងបាត់ដំបង បានបង្កើតក្រុមការងារប្រចាំការក្នុងទីតាំងដែលត្រូវបានបិទ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់រួមមាន៖
-ការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
-ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែខាងក្រៅផ្សារ
-ពង្រឹងការអនុវត្តវិធានការសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត៕


ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង