ព័ត៌មានជាតិ

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ០៤នាក់នៅក្នុងក្រុងសៀមរាប និងប្រកាសបិទការចេញ-ចូលបណ្តោះអាសន្នទីតាំងផ្សារចំនួន០២

BY
Khmernote Media
April 13, 2021

យោងតាមលិខិតរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានចំនួន០២ផ្សេងគ្នារបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០៤នាក់ រួមមាន ៖

១. ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី
២. ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារក្រោម ,
៣.ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារក្រោម និង
៤.ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារក្រោម ដែលអ្នកទាំង០៤នាក់នេះ ជាក្រុមគ្រួសារជាមួយគ្នា ហើយលោកស្រី ជា គីម ក៏ជាអាជីវករលក់ដូរនៅផ្សារវត្តអធ្វាផងដែរ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីនេះ និង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នោះ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោម ដែលស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និង ផ្សារវត្តអធ្វា ដែលស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងបើកឡើងវិញក្រោយស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ ។

រដ្ឋបាលខេត្ត បញ្ជាក់ទៀតថា ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅក្នុងថ្ងៃនេះ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប និងឈានដល់ចំណុចដែលមានការព្រួយបារម្ភខ្ពស់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនក្នុងសង្កាត់ស្វាយដង្គំ , សង្កាត់សៀមរាប , សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ដែលធ្លាប់បានចេញចូលក្នុងផ្សារក្រោម , ផ្សារវត្តអធ្វា និងផ្សារពោធិ៍បន្ទាយជ័យ សូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន១៦នាក់ ក្នុងនោះជាសះស្បើយចំនួន ០៣ នាក់ ហើយពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ៕

Share This Post: