ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីមានផ្ទៃពោះ៨ខែ អង្គុយយំម្នាក់ឯងតាមផ្លូវ ត្រូវបានអ្នកដឹកជញ្ជូនអាហារប្រទះឃើញសួរនាំ ហើយនាងនិយាយថា ត្រូវប្ដីដេញចេញពីបន្ទប់ជួល​ ដោយសារមូលហេតុបែបនេះ

    BY Khmernote Media April 21, 2021
    ស្រ្តីមានផ្ទៃពោះ៨ខែ អង្គុយយំម្នាក់ឯងតាមផ្លូវ ត្រូវបានអ្នកដឹកជញ្ជូនអាហារប្រទះឃើញសួរនាំ ហើយនាងនិយាយថា ត្រូវប្ដីដេញចេញពីបន្ទប់ជួល​ ដោយសារមូលហេតុបែបនេះ

    រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ជិះម៉ូតូមកឈប់អង្គុយយំតែម្នាក់ឯងតាមផ្លូវទាំងយប់ ត្រូវអ្នកដឹកជញ្ជូនអាហារឃើញសួរនាំនិងប្រាប់មកអ្នកយកព័ត៌មានយើងចុះទៅជួយផ្សាយ ហើយនាងប្រាប់ថា “ប្ដីផឹកស្រាស្រវឹងរករឿងហើយដេញចេញពីបន្ទប់ជួលទាំងយប់ ទើបនាង រើឥវ៉ាន់ចេញពីបន្ទប់ ហើយជិះម៉ូតូចេញមកអង្គុយតែឯងដូច្នេះ” បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះមកសួរនាំនិងនាំត្រលប់ទៅបន្ទប់ជួលវិញ ស្ថិតនៅច្រកផ្លូវលំមួយជាប់សាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

    លុះពេលទៅដល់ សួរខាងប្ដីទើបដឹងថា ប្រពន្ធបានវៃកូនស្រីដើមរបស់ខាងប្ដី ព្រោះតែនិយាយមិនស្ដាប់បង្គាប់ ហើយក៏កើតរឿងឈ្លោះប្រកែកគ្នា សំអាងហេតុផលនិងប្រកាន់ជំហររៀងខ្លួនដដែលៗ មិនព្រមសម្របសម្រួលគ្នាឡើយ ទើបបុរសជាប្ដីបោះពាក្យសម្ដីថា ចង់ទៅណាក៏ទៅៗ ទើបប្រពន្ធរើឥវ៉ាន់ចេញមកក្រៅបន្ទប់អស់ រួចជិះម៉ូតូចេញទៅបាត់ទៅ ខ្លួនក៏មិនតាមលួងប្រពន្ធដែរ ក៏បិទទ្វារបន្ទប់ដេកពីរនាក់កូនស្រីបាត់ទៅ។

    ចំណែកឯស្ត្រីជាប្រពន្ធបានជិះម៉ូតូ Icon មួយគ្រឿង ចេញទៅអង្គុយយំតែម្នាក់ឯង នៅចំណុចផ្លូវជាតិលេខ២ ចម្ងាយពីគល់ស្ពានអាកាសក្បាលថ្នល់ប្រហែល១០០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តែក្រោយមកត្រូវបានអ្នកដឹកជញ្ជូនអាហារអនឡាញ Foodpanda ប្រទះឃើញ ក៏ចូលទៅសួរនាំ ហើយបានប្រាប់មកអ្នកយកព័ត៌មានយើង ចុះទៅជួយផ្សាយ សួរនាំដំណើររឿងហេតុ ដោយនាងប្រាប់ថា “ប្ដីផឹកស្រាស្រវឹង រករឿងនាងដោយសារតែនាងបានវៃកូនស្រីប្រពន្ធដើម អាយុ៥ឆ្នាំ ទើបឈ្លោះប្រកែកគ្នា ហើយបោះពាក្យសម្ដីដ៏ឈឺចាប់មកថា កូនក្នុងផ្ទៃ នោះមិនដឹងជាកូនអ្នកណាទេ ចង់ទៅណាក៏ទៅៗទើបនាង រើឥវ៉ាន់ចេញដាក់ក្រៅបន្ទប់ ហើយជិះម៉ូតូចេញមកអង្គុយយំតែឯងដូច្នេះ” បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះមកសួរនាំនិងនាំត្រលប់ទៅបន្ទប់ជួលវិញ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានយើងបានទៅជួយផ្សព្វផ្សាយ និងទុកអោយសមត្ថកិច្ចសម្របសម្រួលដែរ តែដោយឃើញប្រពន្ធមានផ្ទៃពោះ៨ខែជាងហើយក៏អាណិត ក្រុមអ្នកសារព័ត៌មានយើងក៏បានជួយសម្របសម្រួលបន្តិចដែរ តែពួកគាត់ទាំងសងខាង បានប្រកាន់ជំហរត្រូវរៀងខ្លួន មិនព្រមថយម្នាក់បន្តិចឡើយ មានតែទុកអោយពួកគាត់ដោះស្រាយគ្នាតាមដំណើរជីវិតនេះចុះ ព្រោះថាជីវិតគ្រួសារមួយណាក៏ជៀសមិនផុតពីបញ្ហាឈ្លោះប្រកែកគ្នាដែរ គ្រាន់តែបញ្ហាផ្សេងៗគ្នា សំខាន់ត្រង់ហានចាប់ដៃគ្នា ឆ្លងឧបសគ្គទាំងអស់នោះជាមួយគ្នាអត់ ? បញ្ហាដែលបានកើតឡើងត្រូវដោះស្រាយបញ្ចប់រឿងបានអត់? បើមិនបានគឺមិនបាន បើបានចាប់ដៃគ្នាដើរទៅមុខទៀត ទៅ….. តែធម្មតាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ យើងបានត្រឹមសំលឹងមើលឃើញតែសំបកក្រៅគេប៉ុណ្ណោះ រឿងពិតស៊ីជំរៅយ៉ាងណា យើងគ្រាន់ជាអ្នកដទៃមិនដឹងច្បាស់នោះទេ ទុកអោយពួកគាត់សម្រេចចិត្តដោយខ្លួនឯងចុះ ដោយក្ដីគោរព ពីខ្ញុំបាទម៉េងខ្មែរណូត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: