អគ្គស្នងការរងនគរបាលជាតិ ចុះត្រួតពិនិត្យនិងធ្វើការណែនាំបែងចែកការងារដល់កងកម្លាំងតាមគោលដៅ បន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះត្រួតពិនិត្យ ព្រមទាំងធ្វើការណែនាំនិងបែងចែកការងារដល់កងកម្លាំង តាមគោលដៅជាពិសេស គឺកម្លាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានភារកិច្ចទទួលខុសត្រូវល្បាតក្នុងតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង ក្នុងភូមិសាស្ត្រចំនួន ០៥ខណ្ឌ គឺខណ្ឌទួលគោក ពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ ដើម្បីអនុវត្តផែនការផ្អែកតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ ៥៤សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

ក្នុងការចុះត្រួតពិនិត្យគោលដៅទទួលខុសត្រូវខាងលើ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអគ្គស្នងការ រងនគរបាលជាតិចំនួន ០២រូប គឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពតម្រួតបទបញ្ជា និងអាជ្ញាធរមូលដ្ឋាន ព្រមជាមួយកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការ រងនគរបាលជាតិ បានណែនាំ និងបែងចែកការងារដល់កងកម្លាំងតាមគោលដៅទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីសម្រេចស្តីពីការបិទខ្ទប់ឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាកងកម្លាំងនគរបាលជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កងកម្លាំង ដែលមានភារកិច្ចចុះល្បាតផ្នែកខាងក្នុងនៃតំបន់ក្រហម និងតំបន់លឿងទុំ ត្រូវយកចិត្តដាក់ខ្ពស់បំផុតចំពោះវិធានការអនាម័យ ពិសេសគឺ អនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ ព្រោះតំបន់នេះជាតំបន់ប្រឈមខ្ពស់។
ឯកឧត្តមថ្លែងបន្តថា នៅក្នុងការដឹកនាំកម្លាំងចម្រុះ អគ្គស្នងការដ្ឋាន នគរបាលជាតិ ចុះល្បាតតាមគោលដៅតំបន់ក្រហម និងតំបន់លឿងទុំ នៅថ្ងៃនេះ បានណែនាំបន្ថែមពីគោលការណ៍នានា ដែលត្រូវបានកំណត់ក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីកងកម្លាំងអនុវត្តឲ្យត្រូវតាម លក្ខខណ្ឌ ស្របតាមវិធានការបិទខ្ទប់ ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា តំបន់ក្រហមគឺត្រូវបានហាមឃាត់ទាំងស្រុងលើរាល់ការធ្វើដំណើរចេញ-ចូល ហាមមិនឲ្យប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬទីសំណាក់ បច្ចុប្បន្នរួមទាំងសកម្មភាពកីឡានៅមុខផ្ទះ។ ករណីមានការបំពានវិធានការហាមឃាត់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តនូវវិធានការ រដ្ឋបាលឬអនុវត្តច្បាប់។ ប៉ុន្តែការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬពីទីសំណាក់ បច្ចុប្បន្ន ឬការធ្វើដំណើរចេញ-ចូលតំបន់ក្រហម អាចទទួលបានការអនុញ្ញាតក្នុងករណីចាំបាច់ដូចជា៖ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការធ្វើដំណើរចេញទៅយកសំណាកធ្វើតេស្តរកមេរោគកូវិដ-១៩ ឬការចេញទៅទទួលការចាក់វ៉ាក់សាំង។
ឯកឧត្តម បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហមនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ដោយចូលដល់ភូមិដ្ឋានប្រជាពលរដ្ឋ ដែលមិនចាំបាច់ឲ្យប្រជាពលរដ្ឋចេញទៅចាក់នៅខាងក្រៅតំបន់នោះទេ។ ឯកឧត្តមក៏បានស្នើដល់មេបញ្ជាការតាមគោលដៅ ទាំងអស់ពិនិត្យ មើល និងណែនាំកងកម្លាំងឲ្យយល់ច្បាស់ពីប្រតិបត្តិការ ដែលត្រូវអនុវត្តឲ្យបានត្រឹមត្រូវផងដែរ។

ដោយឡែក ចំពោះតំបន់លឿងទុំ ឯកឧត្តមបានបញ្ជាក់ដល់កងកម្លាំងថា បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន។ ក្នុងករណីបំពានវិធានការនេះ អាជ្ញាធរនឹងឃាត់ទុកបណ្តោះអាសន្ន មធ្យោយបាយធ្វើដំណើរ និងអនុវត្តទោសតាមច្បាប់ជាធរមាន។ ក្នុងនោះ អនុញ្ញាតការធ្វើដំណើរទៅប្រកបរបរអាជីវកម្ម ឬការបំពេញការងារវិស័យឯកជន ដែលមានការអនុញ្ញាតតាមការណែនាំ របស់រាជរដ្ឋាភិបាល គឺត្រូវមានលិខិតបញ្ជាក់ការងារ និងអត្តសញ្ញាណប័ណ្ណ។ល។ ចំណុចនេះ ឯកឧត្តម បានដាស់តឿនដល់កងកម្លាំងតាមគោលដៅ និងកម្លាំងដែលល្បាតក្នុងតំបន់លឿងទុំ នៅពេល ដែលឃាត់សួរអ្នកដំណើរ ដែលចេញទៅបំពេញការងារ អាជីវកម្ម ដែលមានលិខិតអនុញ្ញាត កងកម្លាំងមានសមត្ថកិច្ចត្រូវផ្អែកលើមូលដ្ឋានវិន័យរបស់កងកម្លាំង និងក្រមសីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការ រងនគរបាលជាតិ បានថ្លែងបន្តថា ចំពោះករណីឃើញប្រជាពលរដ្ឋ ធ្វើដំណើរក្នុងតំបន់លឿងទុំ ដោយថ្មើរជើង ចេញក្បែរផ្ទះ កងកម្លាំងត្រូវចុះទៅធ្វើការអប់រំ ណែនាំពួកគាត់តាមខ្លឹមសារនៃសេចក្តីសម្រេច សេចក្តីណែនាំនានា និងច្បាប់ដែលបានកំណត់។ តែបើសិនជាបុគ្គលនោះ មានប្រតិកម្មតប ចចេសរឹងរូស គឃ្លើន មិនស្តាប់ ត្រូវទាក់ទងទៅមេបញ្ជាការនៃគោលដៅនោះ ដើម្បីទំនាក់ទំនងសុំយោបល់សម្រេចពីគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី។
គួរបញ្ជាក់ថា សេចក្តីសម្រេចលេខ ៥៤សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការចម្លងការរាលដាលជម្ងឺកូ វិដ-១៩ បានសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល រយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងប្រការ២ នៃសេចក្តីសម្រេចនេះ បានចែងបញ្ជាក់អំពីភូមិសាស្ត្រ ដែលត្រូវបានបែងចែកជា« តំបន់ក្រហម » « តំបនលឿងទុំ » និង « តំបន់លឿង» ។ ដោយឡែកចំពោះការកំណត់បន្ថែម ឬផ្លាស់ប្តូរភូមិសាស្ត្រណាមួយជា « តំបន់ក្រហម » « តំបន់លឿងទុំ» និង « តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕














ដោយ៖ បងម៉េង ខ្មែរណូត