ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបន្តបិទខ្ទប់ក្រុងព្រះសីហនុ ថែម១សប្តាហ៍ទៀត

    BY Khmernote Media May 4, 2021
    ក្តៅៗ! អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបន្តបិទខ្ទប់ក្រុងព្រះសីហនុ ថែម១សប្តាហ៍ទៀត

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កិច្ចប្រជុំមានរបៀបវារ:ចំនួន៣ ទី១តំបន់បិទខ្ទប់ ២.ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ៣.ការចែកស្បៀងជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់។

    ឯកឧត្តម គួច ចំរើន បានបន្តថារដ្ឋបាលខេត្តបានបង្កើតក្រុមការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករនិងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក បរិសុទ្ធ យើងបានចែកជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។

    ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ក៏បានធ្វើការណែនាំអ្នកក្រុមគ្រូពេទ្យត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។
    ក្នុងតំបន់បិទខ្ទប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជាគ្រឿងឧបភោគបរិភោគ(សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត) ដោយឡែកក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបានតែត្រូវគោរពតាមស្តង់ដារ វិធានសុវត្ថិភាពជាចំបង ដូចជា ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព -ល-។ បន្តរឹតបណ្តឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាកពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

    អង្គប្រជុំបានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ៕

    Share This Post: