តារាស្រី នីគីនីគី បានទម្លាយឲ្យដឹងថា ខ្លួនស្ទើរក្លាយជាជនរងគ្រោះ ប៉ុន្តែបានដឹងខ្លួនមុន
ក្រោយធ្លាយរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គម Facebook ករណីកញ្ញា មាន ពេជ្ររីតា ដែលជា Miss Grand Cambodia 2020 និងជាពិធីការនីរូបស្អាតប្រចាំទូរទស្សន៍ MYTV ត្រូវបានឧកញ៉ា ហេង សៀ ប្តឹងពីបទលួចទូរស័ព្ទដៃ និងប្រើអំពើហឹង្សាលើរូបលោកបណ្តាលអោយរបួសធ្ងន់ ត្រូវបានជាប់ឃុំនិងស្រែកយំរកយុត្តិធម៌ ខណៈដែលនាងអះអាងនៅក្នុងពាក្យបណ្តឹងរបស់នាងថា នាងជាជនរងគ្រោះត្រូវបានឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភ។ មុននេះបន្តិចដែរ កញ្ញា Nikki Nikki – នីគីនីគី ក៏បានទម្លាយរឿងមួយផងដែរ ដែលធ្វើអោយនាងស្ទើរក្លាយជាជនរងគ្រោះប៉ុន្តែ បានដឹងខ្លួនទាន់ ដោយនាងបានរៀបរាប់នៅលើ បណ្តាញសង្គម Facebook ថា៖

“ខ្ញុំសុំនិយាយតំណាងឲ្យក្រុមទាំងមូលតែម្ដង! សំណាងណាស់! ពិតជាសំណាងណាស់ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ។ បន្ទាប់ពីបានទទួលការងាររាប់ពាន់ដងហើយ វាពិតជាងាយយល់ណាស់សំរាប់ពួកខ្ញុំក្នុងការសំគាល់ថាអ្វីធម្មតា អ្វីដែលខុសប្រក្រតី។ ត្រូវមានការប្រុងប្រយត្ន័ជានិច្ច ហើយបើការនិយាយស្ដីចេះតែផ្ដោតទៅលើតែតួរ និងការជួបគ្នា ផឹកកាហ្វេ ជាងការងារជាក់ស្ដែងទាក់ទងទៅនឹង concept រឺ ប្រភេទវីដេអូផ្សាយពាណិជ្ជកម្ម គួរបោះបង់ការសន្ទនានោះទៅ។ សុវត្ថិភាពសំខាន់ជាងលុយ! សូមបញ្ជាក់ ពួកខ្ញុំកម្រជួបភ្ញៀវប្រជុំផ្ទាល់ណាស់។ ទាក់ទងគ្នាតែតាមទូរសព័្ទក៏កើតការដែរ។ ដោយការប្រជុំចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ។ មិនបានប៉ុន្មានផង គាត់លុបឆាត telegram ចោលអស់រលីង។ ប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។ ឆ្ងល់ពេកខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។ កូនស្រីគាត់ដោយជាមនុស្សមានចំណេះដឹង មនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត។ សូមបែងចែកឲ្យដាច់រវាងអ្នកប្រព្រឹត្ត និងអ្នកជួយ រឺអ្នកមិនដឹងរឿង។ សូមកុំតាមរករឿងមនុស្សដែលល្អ ត្រឹមត្រូវ និងសុចរិត។ ព្រោះយើងដឹងថាវាជារឿងធម្មតាដែលពេលខ្លះមានផ្លែស្អុយមួយ រឺពីរក្នុងកញ្ច្រែង។ ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់តែប្ដូរគោលដៅតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពីសង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែកឲ្យបានខ្លាំងជាងសំលេងយំរបស់នាង!”


