ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិនម្នាក់បើករថយន្តបុកម៉ូតូយុវតី២នាក់ ហើយបើករត់អូសទាំងម៉ូតូ និងមនុស្សរាប់ពាន់ម៉ែត្រ បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់

    BY Khmernote Media May 30, 2021
    ជនជាតិចិនម្នាក់បើករថយន្តបុកម៉ូតូយុវតី២នាក់ ហើយបើករត់អូសទាំងម៉ូតូ និងមនុស្សរាប់ពាន់ម៉ែត្រ បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់

    រាជធានីភ្នំពេញ ៖ ខ្លោចចិត្ត! យុវតីរូបស្រស់២នាក់ ត្រលប់មកពីធ្វើការវិញ ឆ្លងកាត់ផ្លូវបំបែកជាបួន បែរជាត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹងដួលនៅមុខរថយន្តហើយរថយន្តបង្កមិនព្រមឈប់ទេ បានបន្ថែមល្បឿន បើកអូសទាំងមនុស្សទាំងម៉ូតូអូសនឹងថ្នល់រាប់ពាន់ម៉ែត្រ រហូតទាល់តែក្រុមអ្នកដឹកអាហារអនឡាញជួយដេញតាម រហូតឃាត់បាននៅផ្លូវ១០៣ ផ្អើលប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបែកមុខបែកមាត់ ចំណែកឯយុវតីម្នាក់ទៀតខ្ទាតប្លោងចេញពីម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង១២:០០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    យុវតីរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី នីត អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំចំការមន ខណ្ឌចំការមន និងយុវតីដែលរងរបួសធ្ងន់មានឈ្មោះ នុន ពេជ្រចរណៃ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំចំការមន ខណ្ឌចំការមន ។

    សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញយុវតី២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA ZOOMER-X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ 1GI-8052 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BK-1937 បើកបរដោយបុរសជនជាតិតចិនម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូរបស់យុវតីទាំងពីរនាក់ខាងលើ កំពុងជិះឌុបគ្នាពេញទំហឹង បណ្តាលឲ្យយុវតីម្នាក់ប្លោងខ្ទាតចេញពីមុខរថយន្ត រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ និងម្នាក់ទៀតដួលអូសជាមួយម៉ូតូទៅខាងមុខរថយន្ត ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់ទេបានបន្ថែមល្បឿន ព្យាយាមបើកគេចខ្លួនអូសទាំងយុវតីម្នាក់ជាប់ទាំងម៉ូតូអូសនឹងថ្នល់ តាមបណ្ដោយផ្លូវ១០៥ ពីជើងទៅត្បូង ដោយមានក្រុមយុវជនអ្នកដឹកអាហារអនឡាញ បានជិះដេញតាមពីក្រោយរថយន្តបង្ក និងស្រែកប្រាប់ប្រជាពលរដ្ឋតាមផ្លូវអោយជួយឃាត់រថយន្តបង្កដែលកំពុងបើករត់អូសទាំងមនុស្សនឹងម៉ូតូនោះផង តែរថយន្តបង្កមិនព្រមឈប់ឡើយ បានបន្តបើកទៅមុខទៀតរហូតដល់កែងផ្លូវ៤៨០ ក៏បត់ឆ្វេងមកដល់មុខសាលាហ៊ុននាងបឹងត្របែកខាងកើត ហើយបន្តបត់ស្ដាំចូលមកតាមផ្លូវលេខ១០៣ ទើបខ្ទាតយុវតីរងគ្រោះនិងម៉ូតូចេញពីមុខរថយន្ត បណ្ដាលឲ្យយុវតីរងគ្រោះស្លាប់យ៉ាងអាណោចអាធម៍ ហើយរថយន្តបង្កក៏បើកទៅមុខទៀត តែត្រូវប្រជាពលរដ្ឋនាំគ្នាទាញកន្ទុយរ៉ឺម៉កកង់បី ដាក់បាំងកណ្ដាលផ្លូវ ទើបអាចឃាត់បានទាំងរថយន្តនិងបុរសជនជាតិចិនដែលជាអ្នកបើកបរនោះបាន ។ ប្រភពបន្តថាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បាននាំគ្នាខឹងសម្បារគ្រប់ៗគ្នា ក៏បានបញ្ចេញកំហឹង វាយអ្នកបើកបររថយន្តបង្ក ម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យដួលរងរបួសបែកមុខបែកមាត់និងក្បាលផងដែរ ចំណែកឯយុវតីម្នាក់ទៀតខ្ទាតប្លោងចេញពីម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយ ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទំនាក់ទំនង ទៅខាងជំនាញក្រុងឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅខាងការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោយស្រាយនៅពេលក្រោយ។ ចំណែកសពបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

    មហាជនទូទៅបានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នកបើកបររថយន្តបង្កនេះ ដែលបង្កគ្រោះថ្នាក់ ហើយបើករត់គេចចេញពីកន្លែងកើតហេតុអូសទាំងម៉ូតូនិងជនរងគ្រោះ រហូតទាល់តែស្លាប់ដូច្នេះ ទើបមានអ្នកដេញតាមឃាត់បាន ស្ទើរតែទប់កំហឹងមិនបាន បើសមត្ថកិច្ចទៅមិនទាន់ពេលទេ អ្នកបើករថយន្តបង្កនេះ អាចនឹងរងរបួសធ្ងន់ជាងនេះមិនខាន ។

    បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានទាំងពីរ និងនគរបាលចរាចរណ៍ក្រុង បានធ្វើកំណត់ហេតុ ប្រគល់សពយុវតីរងគ្រោះអោយក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កនិងម៉ូតូ រួមទាំងបុរសជនជាតិចិនដែលបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួន និងយកទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: