ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌចំការមន ចុះព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ហាងផឹកស៊ីចំនួន ២កន្លែង មិនពាក់ម៉ាស់ រំលោភបំពានសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល

    BY Khmernote Media June 1, 2021
    អាជ្ញាធរខណ្ឌចំការមន ចុះព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ហាងផឹកស៊ីចំនួន ២កន្លែង មិនពាក់ម៉ាស់ រំលោភបំពានសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល

    រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានធ្វើការព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ហាងផឹកស៊ីចំនួន២កន្លែង មាននារីៗរូបស្រស់សោភា មិនពាក់ម៉ាស អង្គុយចាំទទួលភ្ញៀវ ចូលមកផឹកស៊ី មិនចូលរួមអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស រំលោភបំពាន សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល។

    មន្ត្រីខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ការរឹតបន្តឹង និងព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្មហាងផឹកស៊ីទាំង២ទីតាំងនេះមាន៖
    ទី១.ហាង “ដាវី សាច់អាំង 168”
    ទី២.ហាង “តន្ត្រីពិភពសុបិន្ត 168” ដែលស្ថិតនៅជាប់គ្នាតែម្ដង នៅតាមផ្លូវ២៧១ ជិតស្តុបបឹងទំពន់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

    ធ្វើឡើងនាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញនោះ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងដឹកនាំកម្លាំងដោយលោក កែវ សំណាង អភិបាលរងខណ្ឌ មានកម្លាំងនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចុះល្បាតពិនិត្យតាមបណ្ដា ភោជនីយដ្ឋាន និងហាងផឹកស៊ីនានាទូទាំងខណ្ឌចំការមន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ។

    សេចក្ដីរាយការណ៍ ពីអ្នកយកព័ត៌មានខ្មែរណូតយើងបានឲ្យដឹងថា ខណៈពេលអាជ្ញាធរកំពុងចុះពិនិត្យមើល គេឃើញស្ត្រីរូបស្រស់សោភាម្នាក់ (មិនដឹងថាជា អ្នកគ្រប់គ្រងហាង ឬក៏ថៅកែហាង ឬមានតួនាទីអ្វីក្នុងហាង ដាវី សាច់អាំង168 នោះទេ) បានដើរចេញពីក្នុងហាងមក និយាយរៀបរាប់ប្រាប់ អាជ្ញាធរខណ្ឌចំការមនថា នារីៗដែលអង្គុយចាំទទួលនិងកំដរភ្ញៀវ ដែលមិនពាក់ម៉ាសនោះ ទើបចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ រួចហើយ។

    លឺដូច្នេះលោក កែវ ឮសំណាង អភិបាលរងខណ្ឌចំការមន ក៏បានធ្វើការព្រមានធ្ងន់ៗថា ក្នុងករណីអស់លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្ម ភោជនីយដ្ឋានហាងផឹកស៊ី បើសិនជាយប់ស្អែក នៅតែមានបុគ្គលិកដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស រំលោភបំពានមិនគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញនេះទៀត រដ្ឋបាលខណ្ឌចំការមន នឹងអនុវត្តនូវវិធានការ៖ ការបិទអាជីវកម្ម ការដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងអនុវត្តតាមច្បាប់តែម្ដង ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: