កំពូលតារាចម្រៀង ព្រាប សុវត្ថិ លេចវត្តមានក្នុងកម្មវិធី ASEAN-Japan Music Festival ហើយបានបង្ហាញបទ «យើងត្រូវតែក្លាហាន» តំណាងឱ្យប្រទេសកម្ពុជា
សិល្បៈ June 10, 2021 Liny Chan

ជារឿងដ៏គួរឱ្យរំភើបមួយ ដែលកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទរបស់ខ្លួនបង្ហាញនៅក្នុងកម្មវិធី ONLINE ASEAN-Japan Music Festival។ យោងតាមគេហទំព័រ យូធូប របស់កម្មវិធីបានបង្ហាញថា លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងដែលទើបនឹងចេញមានចំណងជើងថា «យើងត្រូវតែក្លាហាន» តំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី។

បទចម្រៀង «យើងត្រូវតែក្លាហាន» ថ្វីត្បិតតែទើបនឹងចេញមែនពិត តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាយ៉ាងខ្លាំង និងទទួលបានកោតសរសើរមិនដាច់ពីមាត់ ដោយសារបទនេះ បានបង្ហាញពីទុក្ខលំបាកនៃប្រជាជនក្នុងវិបត្តិ កូវីដ-១៩ និងបានជំរុញរួមទាំងលើកទឹកចិត្តឱ្យប្រជាជនចេះរួមរួប សាមគ្គីគ្នាជំនះវីរុសរាតត្បាតនេះ។

ដោយសារតែអត្ថន័យដ៏ជ្រាលជ្រៅ និងការបំផុសស្មារតីដល់មនុស្សគ្រប់គ្នា បទចម្រៀងមួយបទនេះត្រូវបានយកទៅបង្ហាញតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធី ASEAN-Japan Music Festival ជាកម្មវិធីដ៏ល្បីមួយ ហើយតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ កម្មវិធីនេះ មានការចូលរួមពីសិល្បករមកពីប្រទេសក្នុងតំបន់អាស៊ាន រួមមាន៖ ប្រទេសជប៉ុន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងវៀតណាម ដើម្បីបង្ហាញនូវការសម្តែងដ៏អស្ចារ្យ៕