បច្ចេកវិទ្យា

ទោះ iPhone ឡើងថ្លៃបន្តិចម្តងៗដល់ខ្ទង់ពាន់ដុល្លារ ក៏នៅតែមានអ្នកចង់ចំណាយលុយទិញមកប្រើប្រាស់

BY
Khmernote Media
September 17, 2018

ក្រុមហ៊ុន Apple បានតម្លើងតម្លៃផលិតផល iPhone របស់ជាបន្តបន្ទាប់ ដែលធ្វើឲ្យអតិថិជនរបស់ Apple នាំគ្នាបើកភ្នែកធំៗជាមួយតម្លៃ ដែលឡើងថ្លៃនេះ។ ក្រុមហ៊ុន Apple បានចាប់ផ្ដើមតម្លើងតម្លៃ iPhone ម្ដងបន្តិចៗចាប់តាំងពីឆ្នា 2007 មកម៉្លេះ តែ Apple បានហក់ខ្លាំងគឺនៅពេល iPhone X បានបង្ហាញខ្លួន កាលពីឆ្នាំទៅដែលមានតម្លៃរហូតដល់ទៅ $999 ដែលនេះគឺជាតម្លៃហក់ខ្លាំងបំផុតក្នុងចំណោម iPhone ទាំងអស់។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនយក្សមួយនេះបានប្រកាសចេញនូវស្មាតហ្វូន៣ម៉ូឌែលរបស់ខ្លួនផងដែរ ហើយវាក៏ជាស្មាតហ្វូន ដែលមានតម្លៃថ្លៃពុំធ្លាប់មានពីមុនផងដែរសម្រាប់ក្រុមហ៊ុននេះ ដែល iPhone Xs Max មានតម្លៃដល់ទៅ $1099 ហើយអតិថិជននឹងត្រូវចំណាយដល់ទៅ $1499 សម្រាប់ម៉ូឌែល ដែលមានអង្គចងចាំ 512GB។

ក្រុមហ៊ុន Apple ត្រូវប្រាកដថា អតិថិជនរបស់ខ្លួនហ៊ានចំណាយសម្រាប់តម្លៃថ្មីនេះឬទេ? ការធ្វើតេស្តកាលពីឆ្នាំទៅជាមួយ iPhone X ដែលមានតម្លៃថ្លៃ តែក្រុមហ៊ុនក៏បានរក្សានៅ iPhone 8 ដែលមានតម្លៃធម្មតា ហើយក្រុមហ៊ុនក៏បានទម្លាក់តម្លៃម៉ូឌែលចាស់របស់ខ្លួនដែរ។ ក្រុមហ៊ុន Apple មានចេតនាធ្វើតេស្តសម្រាប់ការឡើងថ្លៃផលិតផលរបស់ខ្លួន ហើយអ្វីដែលគេទទួលបានគឺ អតិថិជនរបស់ក្រុមហ៊ុនមួយនេះ ចូលចិត្តចំណាយទៅលើម៉ូឌែលស្មាតហ្វូន ដែលមានតម្លៃថ្លៃ នេះបើយោងតាមការវិភាគរបស់លោក Wayne Lam អ្នកវិភាគប្រចាំក្រុមហ៊ុន IHS Markit ។

iPhone Xs អាចជាអ្នកជំនួសកន្លែង iPhone X ព្រោះដោយសារតម្លៃរបស់វាប្រហាក់ប្រហែលគ្នា ពេលចេញលក់លើកដំបូងក្នុងតម្លៃ $999 ។ ហើយ iPhone Xr គឺសម្រាប់អ្នកដែលមានថវិការទាប វាជាចំណុចមួយល្អដែរ ដែលក្រុមហ៊ុនApple នៅគិតដល់ចំនុចនេះ។ ក្រុមហ៊ុនក៏បានបញ្ចុះតម្លៃ iPhone 7 មកនៅត្រឹម $449 ហើយ iPhone 8 មកនៅត្រឹម $559 ផងដែរ។ ចុងក្រោយជម្រើសដ៏ល្អមួយទៀត ដែលអតិថិជនអាចបង់រំលស់បានដូចជាក្នុងមួយខែ ត្រឹម $30 ជាមួយប្រព័ន្ធទូរស័ព្ទក្រុមហ៊ុន T.Mobile តែអតិថិជនក៏ត្រូវបង់ប្រាក់ដំបូង $279.99 សិនដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ CNN

Share This Post: