រដ្ឋបាលសង្កាត់ផ្សារដេប៉ូ សម្រេចបើកដំណើរការចេញ-ចូលឡើងវិញនៅផ្សារដេប៉ូ ចាប់ពីថ្ងៃនេះ និងទុកច្រកមួយកន្លែង សម្រាប់ក្រុមគ្រូពេទ្យយកសំណាកម្ដងទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ផ្សារដេប៉ូទី១ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចូលរួមមាន៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(ក្រុមគ្រូពេទ្យ TYDA), គណៈកម្មាធិការផ្សារដេប៉ូ, រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានសម្រេចបើកឲ្យដំណើរការចេញចូលឡើងវិញនៅផ្សារដេប៉ូ ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះតទៅ ដោយទុកតែច្រកខាងត្បូងផ្សារ នៅតាមបណ្តោយផ្លូវ១៨២ ដោយរង់ចាំក្រុមគ្រូពេទ្យមកយកសំណាកម្តងទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ករណី រួមមាន៖ អ្នកលក់ជុំវិញផ្សារ ៣ នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន), អ្នកនៅផ្ទះ ១នាក់ និងសិស្ស ១នាក់ ក្រោយក្រុមគ្រូពេទ្យបានចុះយកសំណាកលើបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលចេញ-ចូល ញឹកញាប់ផ្សារដេប៉ូ៕












ប្រភព៖ សាលាសង្កាត់ផ្សារដេប៉ូទី១