“ផ្សារព្រះដាក់” អនុញ្ញាតឱ្យដំណើរការឡើងវិញ តែត្រូវគោរពតាមគោលការណ៍សុវត្ថិភាព និងឆ្លាស់វេនគ្នាលក់ ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះឆ្លងថ្មីនៅក្នុងផ្សារម្តងទៀត
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ផ្សារព្រះដាក់»ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញហើយ តែត្រូវគោរពតាមគោលការណ៍សុវត្ថិភាព និងរៀបចំលក់ដូរតាមគន្លងថ្មី ដោយធ្វើការឆ្លាស់វេនគ្នា និងរក្សាគម្លាតរវាងរានលក់នីមួយៗ ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះឆ្លងថ្មីនៅក្នុងផ្សារម្តងទៀត។

ដោយមានការទទូចស្នើសុំពីសំណាក់បងប្អូនអាជីវករដែលមិនទាន់អាចទៅលក់ដូរគ្រប់ៗគ្នានៅក្នុុងផ្សារចាស់វិញបាន ដោយហេតុតែកន្លែងមានកំណត់ រដ្ឋបាលស្រុកបានសម្រេចបន្តដំណើរការ«ផ្សារក្រមួនព្រះដាក់»ជាបណ្តោះអាសន្នមួយរយៈពេលទៀត ដើម្បីរំលែកអ្នកលក់ខ្លះចេញមកផ្នែកខាងក្រៅ ក៏ដូចជាបន្តផ្តល់ជម្រើសដែលមានសុវត្ថិភាពជូនដល់ពុកម៉ែបងប្អូននៅក្នុងឃុំព្រះដាក់ ក្នុងការស្វែងរកទិញរបស់របរដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួន ទម្រាំដល់មានការប្រាកដក្នុងចិត្តថា ហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍អាចគ្រប់គ្រងបានទាំងស្រុង៕
