ខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ Delta ចំនួន១៨នាក់បន្ថែមទៀត
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅក្នុងខេត្ត បានពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ធ្វើដំណើរមកពីរាជធានី បណ្តាខេត្តផ្សេងៗ និងអ្នកដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ២៣នាក់ (ស្រី១០នាក់)។

អ្នកជំងឺបានដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្ត។ ក្រុមការងារជំនាញថ្នាក់ខេត្ត បាននិងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ។ អ្នកជំងឺកំពុងសម្រាកព្យាបាល ត្រូវបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទដែលតា ១៨នាក់បន្ថែមទៀត៕

ប្រភព៖ ទូរទស្សន៍ខេត្តស្ទឹងត្រែង