យុទ្ធនាការ “90 Second Social” របស់ក្រុមហ៊ុន Facebook អប់រំពលរដ្ឋកម្ពុជាអំពីសុវត្ថិភាពអ៉ីនធឺណិត
PR September 15, 2021 Liny Chan

ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា៖ ក្រុមហ៊ុន Facebook កំពុងដាក់ដំណើរការយុទ្ធនាការអក្ខរកម្មឌីជីថលថ្មីមួយឈ្មោះថា 90 Second Social ដើម្បីជួយពលរដ្ឋកម្ពុជាឱ្យប្រើប្រាស់អីុនធីណិតប្រកបដោយសុវត្ថិភាព។ ដោយមានការសហការជាមួយកញ្ញា សេង ហ្គេកលី ដែលជាអ្នកនិពន្ធនិងផលិតវីដេអូអប់រំ ក្រុមហ៊ុន Facebook បានផលិតវីដេអូជាស៊េរីដែលមានរយៈពេល ៩០វិនាទី ដោយមានខ្លឹមសារអប់រំអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាអំពីប្រធានបទសុវត្ថិភាពអនឡាញជាច្រើន រួមទាំងសុវត្ថិភាពគណនី ការគេចចេញពីការបោកប្រាស់ របៀបបញ្ឈប់ការរីករាលដាលព័ត៌មានក្លែងក្លាយ និងប្រធានបទផ្សេងៗទៀត។

យុទ្ធនាការសុវត្ថិភាពអនឡាញនេះនឹងដំណើរការដោយសហការជាមួយក្រុមហ៊ុន Sabay Digital Plus ក្រុមហ៊ុន Smart Axiata អង្គការ Pact Cambodia និងអង្គការ APLE Cambodia។ កម្មវិធីជាស៊េរី 90 Second Social នេះនឹងមានរយៈពេល ២ខែគិតចាប់ពីដើមខែកញ្ញារហូតដល់ដំណាច់ខែតុលា ដោយមានវីដេអូរយៈពេល ៩០វិនាទីថ្មីមួយនៅរៀងរាល់ថ្ងៃពុធក្នុងសប្តាហ៍នីមួយៗ ដែលវីដេអូទាំងនេះពន្យល់អំពីប្រធានបទសុវត្ថិភាពអនឡាញផ្សេងៗគ្នា។

អ្នកទស្សនាក៏នឹងមានឱកាសចូលរួមនៅក្នុងការប្រកួតឆ្លើយសំណួរប្រចាំសប្តាហ៍ផងដែរ ដើម្បីឈ្នះរង្វាន់ម៉ាក Facebook ពិសេសៗជាច្រើន។ វីដេអូទីមួយនឹងចេញផ្សាយនៅថ្ងៃនេះនៅលើទំព័រហ្វេសប៊ុករបស់កញ្ញា សេង ហ្គេកលី (Gechly Seng’s Facebook page) ហើយនឹងមានវីដេអូវគ្គថ្មីៗជាបន្តបន្ទាប់សម្រាប់សប្តាហ៍នីមួយ។

កញ្ញា សេង ហ្គេលី ដែលបាននិងកំពុងណែនាំនិងជំរុញលើកទឹកចិត្តសិស្សនិស្សិតជាច្រើននាក់មកហើយនោះ បានថ្លែងថា៖ “ខ្ញុំរំភើបណាស់ចំពោះយុទ្ធការ 90 Second Social នេះ ព្រោះខ្ញុំផ្តោតច្រើនលើការអប់រំ និងជួយយុវជនឱ្យលើកកម្ពស់ចក្ខុវិស័យអនាគតរបស់ពួកគេ។ ការដឹងកាន់តែច្រើនអំពីរបៀបអនឡាញដោយសវុត្ថិភាព របៀបការពារខ្លួនអ្នក និងទិន្នន័យរបស់អ្នក គឺជាចំណេះដឹងសំខាន់មួយដែលប្រជាជនកម្ពុជាទាំងអស់ ជាពិសេសយុវជនគួរមាន”។

មនុស្សរាប់លាននាក់កំពុងប្រើប្រាស់ Facebook នៅកម្ពុជា ហើយចំនួនគណនីបណ្តាញទំនាក់ទំនងសង្គមសកម្មកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ដោយមានមនុស្សកាន់តែច្រើនឡើងអនឡាញ ជាពិសេសក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ-១៩ ហើយដូច្នេះសកម្មភាពប្រចាំថ្ងៃរបស់យើងជាច្រើនកំពុងងាកទៅកាន់ពិភពលោកឌីជីថលនោះ វាមានសារៈសំខាន់ខ្លាំងដែលត្រូវធានាថា មនុស្សគ្រប់គ្នាដឹងអំពីរបៀបការពារខ្លួនឯងនៅលើបណ្តាញទំនាក់ទំនងសង្គម។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ “សុវត្ថិភាព និងសន្តិសុខតែងតែជាអាទិភាពសំខាន់មួយសម្រាប់ក្រុមហ៊ុន Facebook ហើយក្រុមហ៊ុនកំពុងធ្វើការងារយ៉ាងខ្លាំងលើការបង្កើនកម្រិតអក្ខរកម្មឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានអារម្មណ៍សុវត្ថិភាព និងមានការភ្ជាប់ទំនាក់ទំនងនឹងគ្នា ហើយយើងបានបង្កើតឧបករណ៍ផ្សេងៗដើម្បីជួយពួកគេការពារព័ត៌មានរបស់ពួកគេ”។

លោក ភក្តី បន្ថែមថា៖ “ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Facebook កំពុងធ្វើការងារលើគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីជួយមនុស្សឱ្យកសាងជំនាញឌីជីថលដែលមានប្រយោជន៍ រួមទាំងកម្មវិធី SheMeansBusiness ផងដែរ ដែលជាកម្មវិធីមួយគាំទ្រដល់សហគ្រិនស្រ្តី។ យើងក៏ដាក់ដំណើរការយុទ្ធនាការ #ReportItDontShareIt ផងដែរដោយមានការសហការជាមួយអង្គការ APLE (Action Pour Les Enfants) ដើម្បីគាំទ្រសុវត្ថិភាពកុមារពេលប្រើអីុនធីណិត”។

ដើម្បីស្វែងយល់បន្ថែមទៀតអំពីយុទ្ធនាការនេះ និងតាមដានព័ត៌មានចុងក្រោយបំផុត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Gechly Seng ឬទំព័រ Facebook ផ្សេងទៀតដែលជាដៃគូចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះ៕