បុរសម្នាក់ត្រូវបានតុលាការអាមេរិកដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយបានដោះកូដទូរស័ព្ទ iPhone របស់ក្រុមហ៊ុន AT&T ចំនួន ១.៩ លានគ្រឿង ដែលស្មើនឹងទឹកប្រាក់ជាង ២០០ លានដុល្លារ
បច្ចេកវិទ្យា September 18, 2021 lyda

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានរាយការណ៍ថា តុលាការស្រុកមួយរបស់សហរដ្ឋអាមេរិក បានផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយរូបគាត់បានធ្វើការ unlock (ដោះកូដ) ទូរស័ព្ទ iPhone ដែលជាប់កុងត្រាជាមួយក្រុមហ៊ុន AT&T ចំនួន ១.៩ លានគ្រឿង ដែលស្មើនឹងទឹកប្រាក់ប្រមាណជា ២០០ លានដុល្លារអាមេរិក។ យោងតាមក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក (DOJ) បានឱ្យដឹងថា ជនល្មើសឈ្មោះ Muhammad Fahd ជាពលរដ្ឋប៉ាគីស្ថាន និងហ្គ្រេណាដា បានបន្តក្លែងបន្លំក្រុមហ៊ុន AT&T អស់រយៈពេល ៧ឆ្នាំ បើទោះបីជាបានដឹងថា ប៉ូលីសបានដាក់ការស៊ើបអង្កេតប្រឆាំងលើរូបគាត់ក៏ដោយ។

ចៅក្រមលោក Robert S. Lasnik បាននិយាយថា Fahd បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតក្នុងរយៈពេលវែង ហើយក្រុមហ៊ុន AT&T បានខាតបង់ប្រាក់ចំនួន ២០១.៥ លានដុល្លារ ចំពោះការក្លែងបន្លំនេះ។ DOJ បាននិយាយថា Fahd បានទាក់ទងបុគ្គលិករបស់ AT&T តាមរយៈហ្វេសប៊ុកក្នុងឆ្នាំ២០១២ ហើយបានសូកប៉ាន់បុគ្គលិកនោះ ឱ្យជួយរូបគាត់ក្នុងការដោះកូដទូរស័ព្ទរបស់អតិថិជន។ DOJ និយាយថា បុគ្គលិកដែលទទួលសំណូកពីលោក Fahd បានដោះកូដទូរស័ព្ទរបស់អតិថិជនដែលជាប់កុងត្រា «ineligible customers» ដោយមានលោក Fahd ជាអ្នកទទួលយកថ្លៃសេវាពីអតិថិជនទាំងនោះ។

នៅអំឡុងនិទាឃរដូវឆ្នាំ ២០១៣ ក្រុមហ៊ុន AT&T បានដាក់ចេញនូវប្រព័ន្ធមួយ ដែលធ្វើឱ្យបុគ្គលិករបស់ខ្លួនពិបាកដោះកូដ IMEI ប៉ុន្តែពេលនោះលោក Fahd ក៏បានរកវិស្វករម្នាក់ទៀត ដើម្បីបង្កើត malware ដែលអាចដំឡើងនៅលើប្រព័ន្ធរបស់ AT&T ដើម្បីជួយគាត់ដោះកូដទូរស័ព្ទឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវាពីចម្ងាយបាន។ ចំណែកលោក Fahd ក៏បានទទួលពត៌មានលម្អិតពីបុគ្គលិកដែលទទួលសំណូកពីគាត់ម្នាក់នោះ ហើយគាត់បានដឹងគ្រប់ប្រព័ន្ធរបស់ក្រុមហ៊ុន និងវិធីដោះកូដបានយ៉ាងងាយស្រួល។

លោក Muhammad Fahd ត្រូវបានចាប់ខ្លួននៅទីក្រុងហុងកុង កាលពីក្នុងឆ្នាំ២០១៨ បន្ទាប់ពីទទួលបានការចោទប្រកាន់កាលពីឆ្នាំ២០១៧ ។ គាត់ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ហើយបានសារភាពកំហុសចំពោះការសមគំនិត នៅក្នុងការលួចបន្លំប្រាក់នៅខែកញ្ញាឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge