ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការចំណតផែកុងតឺន័រមួយទៀតនៅស្រុកកៀនស្វាយ ដើម្បីឆ្លើយតបនឹងកំណើនឆ្លងកាត់កុងតឺន័រ

BY
srey nuch
September 20, 2021

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការចំណតផែកុងតឺន័រមួយទៀត ដែលមានទីតាំងនៅភូមិកណ្តាល លើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់ ខណៈសមត្ថភាពកំពង់ផែTS3នៅភ្នំពេញមិនអាចគាំទ្រនូវកំណើននេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ ចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសមត្ថភាពផ្ទុកកុងតឺន័រឆ្លងកាត់ក្នុងបរិមាណ៤០ម៉ឺន TEU ក្នុងមួយឆ្នាំ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាពង្រីកចំណតផែLM១៧នេះ ឱ្យមានសមត្ថភាពទទួលកុងតឺន័របាន ដល់៩០ម៉ឺនTEU ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ត្រូវការវិនិយោគលើការពង្រីកចំណតនៅឆ្នាំ២០១១ បន្ទាប់ពីចំណតផែTS3របស់កំពង់ផែស្វយ័តភ្នំពេញ មិនអាចពង្រីកទៀតបាន។

ការពង្រីកចំណតផែកុងតឺន័រនេះ ត្រូវបានធ្វើជាជំហានៗ ដោយជំហានទី១ មានទំហំ១០ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ១៥ម៉ឺនTEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណនទានរបស់ ប្រទេសចិន ក្នុងទឹកប្រាក់២៨លាន៩សែនដុល្លារអាមេរិក ដោយពុំទាន់រាប់បញ្ចូលនូវគ្រឿងចក្រលើកដាក់។ ជំហានទី២ ពង្រីកបន្ថែមទំហំ៤,៥ហិកតា នៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ១៥ម៉ឺនTEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីឆ្លើយតបនឹងកំណើនឆ្លងកាត់កុងតឺន័រជាបន្តបន្ទាប់។ នៅចុងឆ្នាំ២០១៩ បានអនុវត្តគម្រោង ជំហានទី៣ ដំណាក់កាលទី១ មានទំហំ២,៧៥ហិកតា ដោយមានសមត្ថភាពផ្ទុកកុងតឺន័រ១០ម៉ឺន TEU ក្នុងមួយឆ្នាំ បន្ថែមលើចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងជំហានទី២។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា ចំណតផែកុងតឺន័រនេះ បានទទួលកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥ ទៅទៅ១៨ភាគរយ។ ជាក់ស្តែងនៅឆ្នាំ២០២០ មានជាង២៩ម៉ឺនTEU ដែលបរិមាណនេះឈានជិត ដល់សមត្ថភាពផ្ទុករបស់ចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងជំហានទី២ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: