បច្ចេកវិទ្យា

ប្រតិបត្តិការ iOS 15 និង iPadOS 15 អាចទាញយកមកប្រើប្រាស់បានហើយ ប៉ុន្តែមុខងារពិសេសមួយចំនួននៅមិនទាន់បង្ហាញខ្លួននៅឡើយទេ

BY
autoadmin
September 21, 2021

ទីបំផុត iOS 15 និង iPadOS 15 របស់ក្រុមហ៊ុន Apple អាចទាញយកមកប្រើប្រាស់បានហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានគ្រប់ features ដែលបានប្រកាសនៅសន្និសីទ WWDC នៅឡើយទេ ដូច្នេះអ្នកគាំទ្ររបស់ Apple ទំនងជានឹងត្រូវចាំ features ទាំងនោះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពបន្ទាប់បន្សំនៅពេលក្រោយទៀត។ មុខងារពិសេស ឬ features ដែលមិនទាន់មានសម្រាប់ប្រតិបត្តិការទាំង ២ មានដូចជា៖ SharePlay, កំណែ AirPod Find My support, Universal Control និងមុខងារផ្សេងៗទៀត។

មុខងារដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ SharePlay ដែលវាអាចឱ្យអ្នកប្រើប្រាស់មើលវីដេអូ ឬស្ដាប់តន្ត្រី ជាមួយមិត្តសំឡាញ់របស់ពួកគេ តាមរយៈការហៅតាម FaceTime ប៉ុន្តែវាមិនទំនងទាល់តែសោះ ដែល Apple ត្រូវពន្យារពេលដាក់ឱ្យប្រើប្រាស់នូវកម្មវិធីមួយនេះ។ ប៉ុន្តែ Apple បាននិយាយថា ពួកគេនឹងដាក់បន្ថែម Group Workouts នៅពេលដែល SharePlay ត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។

ក្រុមហ៊ុន Apple ក៏បាននិយាយដែរថា មុខងារ AirPod Find My support នឹងមិនទាន់ដាក់ឱ្យប្រើប្រាស់បានទេ រហូតដល់រដូវស្លឹកឈើជ្រុះ។ ចំណែក AirPods Pro និង Max នឹងអាចភ្ជាប់ទៅជាមួយមុខងារ Find My network ដែលធ្វើឱ្យឧបករណ៍ទាំងនេះងាយស្រួយក្នុងការតាមរក បើទោះបីជាពួកវាមិននៅជិតខ្លួនអ្នកប្រើប្រាស់ក៏ដោយ។ កម្មវិធីទាក់ទងនឹងហ្គេមកម្សាន្ត និង video streaming ក៏ដូចជាមុខងារជាច្រើនទៀត​ សុទ្ធតែមិនទាន់មាននៅក្នុង iOS 15 និង iPadOS 15 ទាំងអស់ រហូតដល់មានការធ្វើបច្ចុប្បន្នភាពបន្ថែម។

អ្នកប្រើប្រាស់ iPad ក៏ត្រូវរង់ចាំមុខងារពិសេស Universal Control ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែក cursor រវាងកុំព្យូទ័រ Mac និង iPad ។ វាក៏គ្មាអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលមុខងារ Universal Control បានខកខានក្នុងការបង្ហាញខ្លួននាពេលនេះ ព្រោះថា Apple មិនដាក់វានៅក្នុង iOS Beta ដើម្បីឱ្យមានការប្រើប្រាស់សាកល្បងជាមុនឡើយ ប៉ុន្តែ SharePlay ធ្លាប់មាននៅក្នុង iOS Beta ហើយក្រោយមកក៏ត្រូវបានដកចេញពី Beta និងត្រូវពន្យារពេលបង្ហាញខ្លួនថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: