មុខងារ SharePlay របស់ក្រុមហ៊ុន Apple បានបង្ហាញខ្លួននៅលើ iOS 15.1 beta ក្រោយពីបានខកខានមិនអាចចេញដំណាលគ្នាជាមួយ iOS 15
- BY
- autoadmin
- September 22, 2021
យោងតាមគេហទំព័រ 9to5Mac បានឱ្យដឹងថា SharePlay បានត្រឡប់មកវិញនៅក្នុង iOS 15.1 beta បន្ទាប់ពីក្រុមហ៊ុន Apple បានពន្យារពេលមុខងារសំខាន់របស់ iOS 15 មួយនេះ រហូតដល់ចុងរដូវស្លឹកឈើជ្រុះ ជំនួសឱ្យការចេញដំណាលគ្នាជាមួយ iOS 15 តាមផែនការ។ មុខងារ SharePlay អាចនឹងមានប្រយោជន៍នៅក្នុងអំឡុងពេលមានជំងឺ COVID-19 ដោយសារថា វាអាចឱ្យអ្នកប្រើប្រាស់ចែករំលែកវីដេអូ និងតន្ត្រី -ល- តាមរយៈ FaceTime របស់ពួកគេ។ ការចេញឱ្យសាកល្បងនៅលើ iOS beta នៅថ្ងៃអង្គារនេះ មានន័យថាវាអាចនឹងមកដល់ជាផ្លូវការឆាប់ជាងការរំពឹងទុក បើទោះបីជាយើងមិនអាចដឹងថ្ងៃចេញប្រើប្រាស់ជាក់លាក់ក៏ដោយ។
ចំណែកឯ MacRumors បានរាយការណ៍ថា iOS 15.1 beta ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូលកាតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេទៅក្នុង Wallet នៅពេលអ្នកប្រើប្រាស់បានបញ្ចូលវាទៅមុខងារ Health របស់ពួកគេជាលើកដំបូងផងដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបមុខងាររបស់ Google ដែលអ្នកនឹងត្រូវយកព័ត៌មានវ៉ាក់សាំងពីអ្នកផ្តល់សេវាវេជ្ជសាស្ត្រ ឬប្រព័ន្ធថែទាំសុខភាពរដ្ឋរបស់អ្នក មុនពេលអ្នកអាចបញ្ចូលវាទៅក្នុងទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុន Apple និយាយថា មុខងារពិសេសនេះប្រើទំរង់ SMART Health Card ដែលបច្ចុប្បន្នត្រូវបានគាំទ្រដោយរដ្ឋ និងអ្នកផ្តល់វ៉ាក់សាំងធំៗមួយចំនួននៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ លីដា
ប្រភព៖ 9to5mac
- Share This Post: