បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បានបង្កើត Mouse Wireless មួយប្រភេទ ដែលធ្វើឡើងពីកាកសំណល់ប្លាស្ទីកប្រមូលបានពីក្នុងសមុទ្រ

BY
autoadmin
September 23, 2021

យោងតាមការចុះផ្សាយរបស់ Engadget បានរាយការណ៍ថា ក្រុមហ៊ុន Microsoft បានប្រកាសពី Mouse ថ្មីមួយប្រភេទ នៅក្នុងព្រឹត្តិការណ៍ Microsoft Surface របស់ខ្លួន ហើយវាមានឈ្មោះថា Microsoft Ocean Plastic Mouse ។ សំបករបស់ Mouse មួយនេះ ត្រូវបានផលិតពីប្លាស្ទិកកែច្នៃ ២០% ពោលគឺវាត្រូវបានបង្កើតឡើងពីកាកសំណល់ប្លាស្ទីក ដែលត្រូវបានរកឃើញពីមហាសមុទ្រ និងផ្លូវទឹកផ្សេងៗទៀត។ ឧបករណ៍នេះគាំទ្រ Bluetooth 4.0 នៅក្នុងចម្ងាយរហូតដល់ ៣៣ហ្វីត ឬ ១០ម៉ែត្រ ហើយវាអាចដំណើរការបានរហូតដល់ ១២ខែ ដោយប្រើថ្ម AA តែមួយគ្រាប់ប៉ុណ្ណោះ។

សូម្បីតែប្រអប់របស់ Microsoft Ocean Plastic Mouse ក៏ជាវត្ថុអាចកែច្នៃឡើងវិញបានដែរ ដោយវាមិនមានប្រើប្រាស់ប្លាស្ទិកអ្វីនោះឡើយ។ Mouse មួយនេះគាំទ្រមុខងារ Swift Pair ដែលអាចឱ្យអ្នកប្រើប្រាស់ ភ្ជាប់វាជាមួយកុំព្យូទ័របានយ៉ាងងាយស្រួលផងដែរ។ Microsoft នឹងចាប់ផ្ដើមការដឹកជញ្ជូនរបស់ Ocean Plastic Mouse នៅថ្ងៃទី០៥ ខែតុលាខាងមុខនេះ នៅថ្ងៃតែមួយជាមួយនឹងការចេញ Windows 11 ខណៈដែលតម្លៃរបស់វាគឺប្រហែល ២៥ ដុល្លារអាមេរិក។ Microsoft បាននិយាយថា Ocean Plastic Mouse គឺជាជំហានតូចមួយឆ្ពោះទៅមុខនៅក្នុង «ដំណើរប្រកបដោយនិរន្តរភាពជាងមុន»៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: